ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មកពីគណបក្សខ្មែររួបរួមជាតិ​ លោក សុខ សុផល បានធ្វេីលិខិតប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាត ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ យ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ថា «ក្បត់ជាតិ» និង «គ្មានមនសិការស្នេហាជាតិ»។

នៅក្នុងលិខិតថ្កោលទោស បានបញ្ជាក់ថាៈ ការប្រើប្រាស់សម្ដីអសុរស មកលើអង្គ ព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញ ឱ្យឃើញ អំពីសារជាតិ ជាជនក្បត់ជាតិ ៣ ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថ យ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុង គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រខ្មែរ គ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទី ដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយក៏ជាការបំពាន យ៉ាងធ្ងន់ធ្ងរ លើមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិ ដ៏ពិសពុល ប្រកប ដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។

ជាមួយគ្នានេះ​ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មកពី គណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះការប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ លើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឹងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះទង្វើនេះ ពិតជាមិនអាច អត់ឱន និងទទួលយកបានឡើយ ពីសំណាក់ខ្ញុំបាទ និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។

ក្នុងនាមជាសមាជិក គណបក្សខ្មែររួមរួមជាតិ ជាចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងគូកន និងសូមយកឱកាសនេះ ប្ដេជ្ញាបន្ដគោរពដង្ហែតាម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ៕​/V-PC