ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវសកម្មភាពនានា សំដៅធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរ ចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំ ដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារ ផងដែរ ព្រមទាំងជួយរៀបចំបង្កើត អេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងវេទិកាបូកសរុបការងារ បណ្ដាញសហគមន៍ អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ នាទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ បណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនាដ៏ល្អ រវាងប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ និងរាជរដ្ឋាភិបាល ក្នុងការរួមសាមគ្គីគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានបណ្ដាញ សហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានបញ្ជាក់បន្ថែមថាៈ សហគមន៍តំបន់ ការពារធម្មជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងបរិស្ថាន ចូលរួមការពារ និង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងអាស្រ័យផង ពីការងារអភិរក្សនេះ។

លោក ខៀវ បូរិន បានលើកឡើងថាៈ បណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ ជាដៃគូសន្ទនា និងកិច្ចសហការ កាន់តែប្រសើរឡើង រវាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ ជាមួយគ្នានេះ បណ្តាញសហគមន៍ ចែករំលែកព័ត៌មាន បទពិសោធន៍ បង្កើនចំណេះដឹង និងជំនាញ រវាងសហគមន៍ និងអ្នកពាក់ព័ន្ធនានា ទាក់ទងទៅនឹងជីវភាព និងការគ្រប់គ្រងធនធានធម្មជាតិ របស់សហគមន៍មូលដ្ឋាន។

លោក ខៀវ បូរិន បានបញ្ជាក់បន្ថែមថាៈ បណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ បានបង្កើតសាមគ្គីភាពផ្ទៃក្នុង ដែលធ្វើឱ្យការងារអភិរក្ស ទទួលបានជោគជ័យ កាន់តែ ប្រសើរឡើង រួមផ្សំទាំងការទទួលបាន ការសិក្សាអប់រំបានខ្ពស់ ធ្វើឱ្យមានការផ្លាស់ប្តូរទៅ លើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដែលជាកេរ្តិ៍មរតកសម្រាប់ខ្មែរគ្រប់ជំនាន់។

គួរបញ្ជាក់ថា បើយោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងដែរថាៈ គិតរហូតមកដល់ខែតុលា ឆ្នាំ២០២២ នេះ សហគមន៍តំបន់ការពារធម្មជាតិ ត្រូវបាន បង្កើតឡើង និងទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន ១៩០ ដែលមាន ប្រជាពលរដ្ឋ ជាសមាជិកទាំងអស់ ៧១.៧៣២ គ្រួសារ នៅជុំវិញ និងក្នុងតំបន់ការពារ ធម្មជាតិនៅកម្ពុជា។

កិច្ចប្រជុំបណ្ដាញសហគមន៍ អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានរៀបចំឡើង ដោយមានចូលរួម ពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តនានា បណ្ដាញសហគមន៍ អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ ថ្នាក់មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ ក្នុងគោលបំណង៖
១.ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងឆ្នាំ ២០២២។
២.កំណត់ផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៣។
៣.ពិគ្រោះយោបល់ និងអនុម័តលើលក្ខន្តិកៈបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិ។
៤.ដោះស្រាយបញ្ហាចំបងៗ ដែលកំពុងកើតមានឡើង ក្នុងសហគមន៍៕/V-PC