ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ផ្អែកតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ នៅក្នុងវេទិកាសាធារណៈនាពេលកន្លងមក នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាននាំយកនូវតុសិស្សសរុបចំនួន ៥០តុ ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់សាលាបឋមសិក្សាចំនួន៣ ស្ថិតក្នុងខណ្ឌកំបូល ក្នុងនោះ សាលាបឋមសិក្សាកន្ទោក ចំនួន១២តុ សាលាបឋមសិក្សាភ្លើងឆេះរទេះ ចំនួន១៣តុ និងសាលាបឋមសិក្សាប្រទះឡាងចំនួន២៥តុ។

នៅក្នុងឱកាសពិធីប្រគល់តុសិស្សនោះផងដែរ លោកអភិបាលខណ្ឌបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ និងត្រូវរស់នៅប្រកបដោយអនាម័យ គឺត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕