ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សមាគមមួយដែលមានឈ្មោះថា សមាគមមិត្តយើង បានបន្តយុទ្ធនាការមួយ មានឈ្មោះថា “សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត ដោយពុំគិតប្រាក់។

គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំឡើង ព្រមជាមួយព្រឹត្តិការណ៍ ថ្ងៃពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នាមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះផងដែរ។

ទាក់ទិនក្នុងរឿនេះ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលា ជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូល អាំងទែរណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានឱ្យដឹងថាៈ នេះជាលើកទីពីរហើយ ដែល សមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះ ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីចំណេះដឹង ផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ ទៅដល់បងប្អូន ដែលមានបំណងចង់ចាប់ យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជា ការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅ​ ដល់អ្នក ដែលមានកង្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាក ក្នុងការទទួលបាន នូវសេវាកម្មមួយនេះ ពោលគឺ កម្មវិធីមួយនេះ គឺជាការឆ្លើយតប ទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថាៈ ថ្ងៃនេះ លោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗ នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយ សមាគមមិត្តយើង ក្នុងការផ្តល់នូវ សេវាកម្មកាត់សក់ ដល់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួម ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជា ពិធីអុំទូក នាពេលខាងមុខនេះ។

លោកបានបន្ថែមថាៈ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការ ចូលរួមពីសំណាក់ ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជា ជាងសក់ជាង ៥០ នាក់ តំណាងក្រុមហ៊ុនដៃគូ សហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្ត មិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូន កម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធយើង ដែលបានអញ្ជើញមកចូលរួមផ្ទាល់ ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីបុណ្យអុំទូក នាពេលខាងមុខ។

លោកបានបញ្ជាក់បន្តថាៈ ក្រោយពីការកាត់សក់រួច បងប្អូនអាចចូលស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារ ដែលរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈផងដែរ។ មួយវិញទៀត បើបងប្អូនដែលចង់រៀនជំនាញកាត់សក់ បងប្អូនក៏អាចចុះ ឈ្មោះចូលរៀន នៅសាលា អេកូល អាំងទែរណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ដែលរៀនជាមួយគ្រូជំនាញៗ និងមានបទពិសោធន៍ខ្ពស់ មកពីក្រៅប្រទេស។

គួរបញ្ជាក់ថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការចែកជា “កញ្ចប់ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួម នាពេលនេះ ដោយក្នុង ១នាក់ នឹងទទួលបានកញ្ចប់ ជំនួយមិត្តយើង ១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម៕/V