ដោយ: បូកគោ / កំពត: សមត្ថកិច្ចខេត្តកំពត នឹងដាក់ពង្រាយកម្លាំងចម្រុះ ជាង ១.០០០ នាក់ ដើម្បីការពារសន្តិសុខ ជូនភ្ញៀវដែលមកកម្សាន្តសប្បាយ ក្នុងពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងប្រើប្រាស់កម្លាំងចម្រុះ ចំនួន ១.០៣០ នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅសំខាន់ៗ ពិសេស តាមបណ្តារមណីយដ្ឋានទេសចរណ៍នានា។ ជាមួយនោះ ក៏មានអមដោយរថយន្តពន្លត់ អគ្គិភ័យ រថយន្តគិលានសង្គ្រោះ និងរៀបចំបញ្ជរសុវត្ថិភាព ដែលមានមន្ត្រីការិយាល័យ សុខាភិបាល របស់ស្នងការដ្ឋាន ត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ផងដែរ។

លោកស្នងការ បានបញ្ជាក់ថាៈ រាល់ស្តង់តាំងពិព័រណ៍ ដែលមានក្នុងពិធីនេះ ក៏នឹងត្រូវ ត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ពិសេសកន្លែងលក់ចំណីអាហារ ដែលប្រើប្រាស់ចង្ក្រានហ្គាស ជាដើម។ ចំពោះការដាក់លក់កាំបិត ពូថៅ និងសម្ភារ:ងាយបង្ករបួសស្នាម នឹងត្រូវហាម ឃាត់ជាដាច់ខាត។

សូមបញ្ជាក់ថា ជាក្តីរំពឹងសម្រាប់ពិធីបុណ្យ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តកំពត សង្ឃឹមថា យ៉ាងហោចណាស់ ក៏មានអ្នកមកកម្សាន្តសប្បាយ ប្រមាណ ៥០ ម៉ឺននាក់ដែរ។

សម្រាប់កម្មវិធីសំខាន់ៗ រយៈពេលបីថ្ងៃនោះ រួមមាន ការសម្តែងសិល្បៈ តន្ត្រីសម័យ តន្ត្រីប្រពៃណី បង្ហាញសម្លៀកបំពាក់ខ្មែរ តាមសម័យកាល ការបង្ហាញក្បាច់គុនល្បុក្កតោ ពិធីការបាញ់កាំជ្រួច តាំងពិព័រណ៍ ភូមិមួយផលិតផលមួយ និងការសម្ដែងឆត្រយន្ត លើអាកាសជាដើម៕/V