ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកលិចលើផ្លូវជាតិលេខ៦អា នៅមិនឆ្ងាយប៉ុន្មានពីមុខ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ជាច្រើនឆ្នាំមកហើយ ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ លើកគម្រោងជួសជុល និងដាក់លូ នៅសងខាងផ្លូវនេះ សម្រាប់បម្រើដល់ កម្មវិធីស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រារព្ធនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

លោក ប៊ុត សារ៉េត ប្រធានអង្គភាពលទ្ធកម្ម នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យ រស្មីកម្ពុជាឱ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ថាៈ គម្រោងដាក់លូ នៅសងខាងផ្លូវ ជាតិលេខ៦អា និងការជួសជុលផ្លូវជាតិលេខ៦អា ឡើងវិញនេះ ជាគម្រោងរបស់រដ្ឋបាល រាជធានីភ្នំពេញ ត្រូវអនុវត្តបន្ទាន់ សម្រាប់បម្រើដល់ កម្មវិធីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល ត្រូវប្រារព្ធធ្វើ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រធានអង្គភាពខាងលើ បាននិយាយឱ្យដឹងទៀតថាៈ គម្រោងដាក់លូ ត្រូវបានធ្វើឡើង នៅសងខាងផ្លូវ ចំពោះកន្លែងដែលមិនទាន់មានប្រព័ន្ធ តែកន្លែងដែលមិនទាន់ត្រូវបានគេ អភិវឌ្ឍន៍ ក៏មិនទាន់មានគម្រោងដាក់ នៅឡើយដែរ។ ចំណែកការជួសជុលផ្លូវវិញ គឺធ្វើតែកន្លែងដែលមានការខូចទ្រុឌទ្រមខ្លាំង ចាប់ពីគល់ស្ពានជ្រោយចង្វារ រហូតដល់ ស្ពានទី១២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កន្លងទៅ ផ្លូវនេះមិនបាន ដាក់លូ និងជួសជុលនោះ ដោយសារផ្លូវជាតិនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងសាធារណការ ពេលនេះ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ ដែរ តែដោយសារកម្មវិធីបើកស៊ីហ្គេម​កាន់តែខិតជិតមកដល់ហើយ ត្រូវធ្វើនៅរាជធានី ភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើលិខិត ជម្រាបទៅក្រសួង ដើម្បីសុំធ្វើផ្លូវនេះ ឱ្យបានទាន់ពេលវេលា។

លោក ប៊ុត សារ៉េត បាននិយាយឱ្យដឹងទៀតថាៈ ការដ្ឋានដាក់លូ និងជួសជុលផ្លូវជាតិ លេខ៦អា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តជាង ២ ខែ មកហើយ ដោយតាមផែនការ គឺត្រូវធ្វើឱ្យបានរួចរាល់មុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មកដល់ ៕/V