ដោយៈ ប.ខុន / ភ្នំពេញៈ ច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបានបាក់ស្រុត អស់ប្រវែង ៦០ ម៉ែត្រ កាលពីថ្ងៃទី២៥ ខែតុលា នោះ ពេលនេះ ក្រុមការងាររបស់ក្រសួងធនធានទឹក បានទប់ស្កាត់ការបាក់រាលដាល បានហើយ  តែមិនទាន់រួចរាល់នៅឡើយទេ ដោយសារច្រាំងទន្លេកន្លែងបាក់ មានសភាពចោទខ្លាំង និងម៉្យាងទឹកទន្លេមេគង្គ នៅខ្ពស់ផង តែការងារអាចនឹងរួចរាល់ ក្នុងរយៈពេល មួយសប្តាហ៍ទៀត។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប និងជាមន្ត្រីជំនាញជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលត្រូវបានលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ប្រគល់ភារកិច្ចឱ្យដឹកនាំក្រុមការងារ ចុះធ្វើអន្តរាគមន៍ ទប់ស្កាត់ ការបាក់ច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែតុលា នេះថាៈ ការងារទប់ស្កាត់ការបាក់ច្រាំង ទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង ​មិនទាន់បានរួចរាល់​នៅឡើយទេ ដោយសារកន្លែងច្រាំងបាក់ មានសភាពចោទខ្លាំង ក្រុមការងារ កំពុងរៀបចំ បាវខ្សាច់ Geotextile Bags តាមជើងទេរ ច្រាំង ដើម្បីពង្រឹងច្រាំងទន្លេ។

មន្ត្រីខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ការដាក់បាវខ្សាច់ ដើម្បីស្កាត់ការបាក់រាល ដាលនេះ អាចនឹងរួចរាល់ ក្នុងរយៈពេល មួយសប្តាហ៍ទៀត ។ ការងារមិនអាចធ្វើលឿន បានដោយសារច្រាំងទន្លេ កន្លែងបាក់ មានសភាពចោទខ្លាំង និងម៉្យាងទឹកទន្លេមេគង្គ ពេលនេះ ខ្ពស់ពិបាក ក្នុងការរៀបជើងក្រោម។

យោងទៅតាមស្ថានភាពច្រាំងទន្លេមេគង្គ ចោទខ្លាំង កិច្ចការអន្តរាគមន៍បន្ទាន់ អាចប្រើ រយ:ពេលប្រមាណពី ១សប្តាហ៍ ទៅ ២សប្ដាហ៍ និងនៅពេលទឹកស្រក (ខែប្រាំង) ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តរៀបបាវ នៅផ្នែកខាងក្រោម ច្រាំងបន្ថែមទៀត ដើម្បីពង្រឹងច្រាំងទន្លេ ឲ្យកាន់តែរឹងមាំ។

រំលឹកឱ្យដឹងថា ច្រាំងទន្លេខាងលើ បានបាក់ស្រុតចុះអស់ប្រវែង ៦០ ម៉ែត្រ កាលពីថ្ងៃទី ២៥ ខែតុលា ហើយនៅថ្ងៃដដែលនោះ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារ ចុះអន្តរាគមន៍ទប់ស្កាត់ការបាក់រាលដាល ជាបន្ទាន់ ៕/V-PC