ដោយៈយោធិន / ភ្នំពេញៈ ពិធីបិទវគ្គហ្វឹកហ្វឺនគាំពារកុមារ អង្គការសហប្រជាជាតិ និងស្ត្រី ក្នុងកិច្ចប្រតិបត្តិការយោធា ក្រោមគម្រោងជំនួយអូស្ត្រាលី ត្រូវបានប្រារព្ធឡើង នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ថៃទី២៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូត អូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីយោធាជាន់ខ្ពស់អូស្ត្រាលី ជាច្រើនរូប ក៏មានវត្តមាន ក្នុងពិធីបិទវគ្គនេះដែរ។

ថ្លែងក្នុងនាមតំណាងគណៈកម្មាធិការជាតិ ក្រសួងការពារជាតិ មជ្ឈមណ្ឌលជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានវាយតម្លៃខ្ពស់ នូវរាល់កិច្ចជ្រោមជ្រែង ពីសំណាក់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលី ក្នុងកិច្ចដំណើរការ បើកវគ្គហ្វឹកហ្វឺនគាំពារ កុមារ អង្គការសហប្រជាជាតិ និងស្ត្រីក្នុងកិច្ចប្រតិបត្តិការយោធា ដែលមានរយៈពេលជាង មួយខែហើយ ដែលនឹងត្រូវបិទបញ្ចប់វគ្គ នាពេលនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបន្តថាៈ ប្រទេសអូស្ត្រាលី គឺជាប្រទេស ដំបូងគេបង្អស់ ដែលបានជួយដល់ការរៀបចំ កងអនុសេនាធំបោសសម្អាតមីនលេខ ១៣៥ ដែលជាកងទី១ ចេញបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ (អ. ស.ប.) នៅប្រទេសស៊ូដង់។

ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានបញ្ជាក់ថាៈ ជារួម ប្រទេសអូស្ត្រាលី បានផ្តល់វគ្គហ្វឹកហ្វឺន ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ១៥ វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ៩៧ នាក់។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលកូវីដ-១៩ អូស្ត្រាលី បានដំណើរការវគ្គហ្វឹកហ្វឺន តាមប្រព័ន្ធ Online ដល់នាយទាហាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើផ្នែកហ្វឹកហ្វឺនមុនចល័ត ដែលនេះសបញ្ជាក់ពី កិច្ចសហប្រតិត្តិការយ៉ាងស្អិតរមួត រវាងប្រទេសទាំងពីរ ទោះស្ថិតក្នុងស្ថានការណ៍ ណាក៏ដោយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានថ្លែងរំឮកផងដែរថាៈ ឆ្នាំ២០២២ នេះ ជាឆ្នាំខួបលើកទី៣០ ដែលកម្ពុជាជាប្រទេសធ្លាប់ទទួលទាហានមួកខៀវ អង្គការសហប្រជាជាតិ ហើយក្នុងនោះ ក៏មានកងកម្លាំងរបស់ប្រទេសអូស្ត្រាលី ចំនួន ប្រមាណជាង ៥០០ នាក់ មន្ត្រីជាន់ខ្ពស់មួយចំនួន រួមនឹងឧទ្ធម្ភាគចក្រ ចំនួន ៦ គ្រឿង ដើម្បីជួយគាំទ្រ និងពង្រឹងបេសកកម្មអ៊ុនតាក់ (UNTAC) នៅកម្ពុជា។ មេបញ្ជាការ បេសកកម្មអ៊ុន តាក់ គឺឧត្តមសេនីយ៍ឯក ចន សានដឺសុន (Jonh Sanderson) ដែលជាជនជាតិអូស្ត្រាលី ។

ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោក ប៉ាប្លូ កាង (Pablo Kang) បានបង្ហាញពីឆន្ទៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក្នុងការបណ្តុះបណ្តាល លើជំនាញវិស័យ រក្សាសន្តិភាព សម្រាប់ពង្រីកសមត្ថភាព ឲ្យដល់កងយោធាមួកខៀវកម្ពុជា។

លោក ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ក៏បានថ្លែងការកោតសរសើរដល់កម្ពុជា ក្នុងកិច្ចចូលរួមបេសកកម្មរក្សាសន្តិភាព ដែលរយៈកាលជាង ១៦ ឆ្នាំ កន្លងមកនេះ បាន បញ្ជូនកងកម្លាំងជាង ៨.០០០ នាក់ ទៅកាន់តំបន់បេសកកម្មរបស់ អង្គការសហប្រជាជាតិ៕/V-PC