ដោយ:ពៅនិមល/ភ្នំពេញ៖ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ ២លាន ៤សែនតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបចំនួន ១.៩៤២លានដុល្លារ។

លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅក្នុងពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា កសិផលរបស់កម្ពុជាមានប្រភេទសម្បូរនិងមានគុណភាពល្អប្រសើរ ប្រទេសចិនមានតម្រូវការទីផ្សារយ៉ាងធំ និងបច្ចេកវិទ្យាផលិតកម្មដ៏ទំនើប ហើយប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករពីប្រទេសកម្ពុជាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ចាប់ពីការនាំចេញចេករបស់កម្ពុជាទៅកាន់ប្រទេសចិនដោយជោគជ័យក្នុងឆ្នាំ២០១៩មក ឧស្សាហកម្មចេករបស់កម្ពុជាសម្រេចបាននូវការអភិវឌ្ឍន៍លោតផ្លោះជាលំដាប់ ហើយបរិមាណនាំចេញបានកើនឡើងពី ១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ ដល់ ៤២,៣ម៉ឺនតោន ក្នុងឆ្នាំ២០២១។ លោកបន្តថា ក្រៅពីនេះ ផ្លែស្វាយ ត្រីប្រា ពោត និងផ្លែមៀនរបស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់។

លោកទូត បានបញ្ជាក់ថា បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំជំរុញការងារដែលនាំចេញម្រេចកម្ពុជា ផលិតផលវារីវប្បកម្មសត្វព្រៃ សត្វក្នុងទឹកដែលអាចបិរភោគបាន សំបុកត្រចៀកកាំ និងដូងជាដើមទៅកាន់ប្រទេស។ លោកបន្ថែមថា ដោយសារកសិផលកម្ពុជាកាន់តែច្រើនត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ចិន វិស័យពាក់ព័ន្ធនឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកអះអាងទៀតថា វិស័យកសិកម្ម គឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា យើងជឿជាក់ថា ជាមយយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ នឹងមានកសិផលរបស់កម្ពុជាដែលមានគុណភាពល្អកាន់តែច្រើនប្រភេទទៀត នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ហើយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទសទាំងពីរ ក៏នឹងឈានដល់កម្រិតថ្មីមួយទៀតផងដែរ នឹងជួយដល់ការអភិវឌ្ឍន៍នៃសហគមន៍ជោគវាសនារួមប្រកបដោយភាពជ្រុងជ្រោយ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមយយនឹងការពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។ លោកបានឲ្យដឹងទៀតថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជាទៅប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ៤៩១លានដុល្លារ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លែមៀនស្រស់របស់កម្ពុជា គឺជាកសិផលប្រភេទទី៣ ដែលត្រូវបានអនុម័តនាំចេញទៅប្រទេសចិន បន្ទាប់ពីត្រីប្រា និងពោតនៅឆ្នាំ២០២២នេះ ហើយក៏ជាផ្លែឈើប្រភេទទី៣ដែរ ដែលត្រូវបានអនុម័តនាមចេញរបស់កម្ពុជាទៅប្រទេសចិន៕