​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស​ជំនា​ន់ទី​២៧ បើក​វគ្គ​ហ្វឹកហ្វឺន​ជំនា​ន់ទី​២៨ និង​សម្ពោធ​អគារ​បណ្ណាល័យ ០១ ខ្នង ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បញ្ជាការដ្ឋាន​អង្គរក្ស មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស គណៈ​គ្រប់គ្រង​វគ្គ ក្រុម​យោធា​ចា​រ្យ និង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​សូម​អបអរសាទរ ព្រម​ជាមួយនឹង​ការកោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​បញ្ចប់​វគ្គ​ក្នុង​ពេលនេះ ហើយក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង​និង​ចំណេះធ្វើ​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។​ចំពោះ​សិក្ខាកាម​វគ្គ​ថ្មី​សូម​ព្យាយាម​បន្ត​នូវ​សកម្មភាព​និង​ស្មារតី​របស់​សិក្ខាកាម​ជំនាន់​មុនៗ​ដែល​បានទទួល​ជោគជ័យ​រួចមក​ហើយដោយ​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​ក្រេបជញ្ជក់​យក​ទាំង​ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្តែង​ល្អៗ​ពី​យោធា​ចា​រ្យ​សម្រាប់​ការកសាង និង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​។

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា ការហ្វឹកហ្វឺន គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ ទាំង​ការកសាង​សមត្ថភាព​ធនធានមនុស្ស ការថែរក្សា និង​ការបង្កើន​សមត្ថភាព ដើម្បី​បន្ត​ធានា​និរន្តរភាព​ការងារ​។ ក្នុងន័យនេះ ការធ្វើ​ទំនើបកម្ម​លើ​ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព​ដែលមាន​សារៈសំខាន់ ដោយ​ក្នុងនេះ ចាំបាច់​ត្រូវ​ផ្តោតលើ​ទំនើបកម្ម​ផ្នែក​ឯកសារ និង​ការស្រាវជ្រាវ​, ទំនើប​កម្មវិធីសិក្សា និង​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលា​៕​សរន​ / N