ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ “កងទ័ព គឺជាអាជីពដែលថ្លៃថ្នូរ ព្រោះជាអាជីពប្រកបដោយ ការលះបង់គ្រប់បែបយ៉ាង រួមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអាជីព ដែលមានតួនាទីការពារ រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ព្រមជាមួយនឹងភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាព ស្ថិរភាពជូនប្រជាជន”។ នេះជាការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៧ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៨ និងសម្ពោធអគារ បណ្ណាល័យ ១ខ្នង ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ទៀតថាៈ មួយវិញទៀត អាជីពនេះ ក៏ទាមទារ ផងដែរ ឱ្យយោធិនម្នាក់ៗ មានការហ្វឹកហ្វឺនរៀនសូត្រ និងហាត់ពត់លត់ដំ ទាំងផ្នែកស្មារតី និងកាយសម្បទា ដើម្បីឱ្យមានភាពជាអ្នកដឹកនាំ, ការគោរពវិន័យ, ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់ សំដៅធានាប្រសិទ្ធភាពខ្ពស់បំផុត នៃការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ។ ការហ្វឹកហ្វឺន គឺជាមូលដ្ឋាននៃអ្វីៗ ទាំងអស់ ទាំងការកសាងសមត្ថភាពធនធានមនុស្ស ការថែរក្សា និងការបង្កើនសមត្ថភាព ដើម្បីបន្តធានានិរន្តរភាពការងារ។ ក្នុងន័យនេះ ការធ្វើទំនើបកម្ម លើការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលមានសារៈសំខាន់ ដោយក្នុងនេះ ចាំបាច់ត្រូវផ្តោតលើទំនើប កម្មផ្នែកឯកសារ និងការស្រាវជ្រាវ, ទំនើបកម្មវិធីសិក្សា និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ របស់សាលា៕ V / N