ដោយ : ប.ជ័យ / បន្ទាយមានជ័យ: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកស៊ុយ សែម បានអះអាងថា កម្ពុជាកំពុងប្រើប្រាសកប៉ាល់២គ្រឿងទៅអូសកប៉ាល់១គ្រឿងដែលដឹកប្រងឆៅលើកដំបូងរបស់កម្ពុជានៃក្រុមហ៊ុនក្ស័យទុនមួយ ហើយរត់គេចកន្លងមក។

លោករដ្ឋមន្ត្រីថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគាររដ្ឋបាលថ្មីមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ ម្សិលមិញ។

លោកបានបន្តថា កម្ពុជាមានសំណាងដែលទទួលបានតំណក់ប្រេងលើកដំបូងដូចគ្រោងទុកទៅហើយ( កាលពីថ្ងៃទី២៩ខែធ្នូ២០២០ បន្ទាប់ពីរុករកនិងចាប់ផ្តើម ផលិតចេញ ពី អណ្តូង ប្រេង ទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា ) ប៉ុន្តែបានជួបរឿងគួរអោយសោកស្តាយទៅវិញ ដោយក្រុមហ៊ុនបរទេសដែលទទួលសិទ្ធិរុករក និងបូម(រ៉ែ)ប្រេងកាតកម្ពុជា ក្រុមហ៊ុននោះ បានជួបបញ្ហាក្ស័យទុនពីកន្លែងវិនិយោគប្រេងនៅកន្លែងផ្សេង ក៏វាមកដួលរលំនៅអណ្តូងប្រេងកម្ពុជាដែរ ។

លោក ស៊ុយ សែម បន្តថា :ទោះយ៉ាងណា កប៉ាល់នោះ ត្រូវរកឃើញ ហើយបានដោះស្រាយដោយផ្លូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយកម្ពុជាត្រូវទទួលបាន៧០%នៃថ្លៃប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ឬស្មើជិត៤៧លានលីត្រ នោះគឺប្រមាណ១៤លានដុល្លាសរអានិង៥លានដុល្លាសរអាទៀត ពីការផាកលើក្រុមហ៊ុនក្ស័យទុន ។
តែក្រុមហ៊ុនគ្មានអ្វីសង ទើបកម្ពុជាត្រូវរឹបអូសយកកប៉ាល់ដឹកប្រេងឆៅដែលក្រុមហ៊ុន KrisEnergy នៃប្រទេសសឹង្ហបូរីជួលដឹកនោះ។
លោកបន្តថា :កប៉ាល់នោះស្ថិតនៅលំហរសមុទ្រ ហើយប៊ិះតែដាច់កាបយុថ្កាទៅហើយព្រោះចតចោលយូរពេក។
ទោះយ៉ាងណា ឥឡូវនេះ កម្ពុជាបានយកកប៉ាល់២គ្រឿងទៅអូសកប៉ាល់១គ្រឿងនោះ ។
លោកបន្តថា :បើតាមអនុសាសន៍ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺកប៉ាល់នោះត្រូវយកមករក្សាទុកនៅកំពង់ផែខេត្តព្រះសីហនុ ។ ហើយនឹងអូសមកដល់នៅពេលខាងមុខនេះ ។

សូមរំលឹកថា ក្រុមហ៊ុន KrisEnergy ជាប្រតិបត្តិករបូមប្រេងនៅអណ្ដូងអប្សរាប្រកាសក្ស័យធនកាលពីខែមិថុនា ឆ្នាំ២០២១ ។
ហើយសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសពីការដួលរលំការបូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ១ សីហា ឆ្នាំ ២០២១ ដែលមានការលួចដឹកប្រេងស្ងាត់ៗចេញពីកម្ពុជាជិត៣០ ម៉ឺនបារ៉ែល។

បន្ទាប់ពីប្រកាសដូច្នេះ ក្រសួងរ៉ែ និងថាមពល ក៏បានចាប់ផ្ដើមស្រាវជ្រាវ ហើយចេញប្រកាសពណ៌ក្រហមមួយ ទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវានោះ។
រហូតមកដល់ថ្ងៃទី ២៥ ខែសីហាឆ្នាំ២០២១ ប្រទេសឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ ដែលមានឈ្មោះថា MT Strovolos។

ក្រោយស្រាវជ្រាវ ម្ចាស់នាវា MT Strovolos មិនមែនជាក្រុមហ៊ុន KrisEngery ទេ តែជាក្រុមហ៊ុន World Tankers Management គឺជាក្រុមហ៊ុន ដែលKrisEngery ជួលមកដឹកប្រេងឱ្យ។

បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន-World Tankers Management បានបញ្ជាឱ្យនាវានេះ ចាកចេញពីដែនទឹកកម្ពុជា នាម៉ោង៨យប់ថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ ហើយមូលហេតុអាចមកពីក្រុមហ៊ុន KrisEnergy ជំពាក់ថ្លៃជួលនាវា ទើប World Tankers Management ដឹកប្រេងរត់ស្ងាត់ៗបែបនេះ។

ទោះយ៉ាងណាក្ដី ក្រសួងរ៉ែ កត់សម្គាល់ថា នោះជាបញ្ហារបស់ក្រុមហ៊ុនទាំង ២។
ប៉ុន្តែបញ្ហាធំគឺការដឹកប្រេងរបស់កម្ពុជាចេញ ដោយមិនស្របច្បាប់ ដោយគ្មានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ។

ជុំវិញរឿងនេះក្រុមហ៊ុន World Tankers Management បានអះអាងថា ខ្លួនចាកចេញដើម្បីប្ដូរអ្នកបើកនាវានិងចាក់ប្រេងប៉ុណ្ណោះ ដោយក្រសួងរ៉ែបានច្រានចោលហើយ ថានេះគ្រាន់តែជាលេស ព្រោះភាគីកម្ពុជាមិនបានទទួលព័ត៌មានអ្វីទាក់ទិននឹងរឿងនេះទាល់តែសោះ។
តមក កម្ពុជា និងឥណ្ឌូនេស៊ីកំពុងដំណើរការរឿងក្តីតាមផ្លូវច្បាប់ ដើម្បីស្នើយកប្រេងនោះមកកម្ពុជាវិញ ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy បូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥% ។ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥% ៕ P / N