ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា និងសមាជិក សមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនអ្នកជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំនួន ១៨៣ នាក់ ក្នុងនោះមាន ស្ត្រីសម្រាលកូន និង អ្នកជំងឺទូទៅ (បុរស ស្រ្តី កុមារ ចាស់ជរា ជនពិការ) ។

ថ្លែងក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ដែលតែង យកចិត្តទុកដាក់ពីសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ។

ដោយឡែក អំណោយដែលបានផ្ដល់ជូនអ្នកជំងឺទូទៅ និងស្ត្រីសម្រាលកូន ដោយក្នុង មួយនាក់ ទទួលបានអង្ករ ៣០ គីឡូក្រាម, មី១កេះ, ត្រី ខ ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ១ ភួយ១ ក្រមា១ សារុង១) និងថវិកាមួយចំនួន ។ ជាមួយគ្នានោះ ប្រធានគណៈកម្មា ធិការសាខា ក៏បានឧបត្ថម្ភដល់បុគ្គលិកមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំនួន ៣៣ នាក់ នូវថវិកាមួយចំនួន ផងដែរ៕ V / P