ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ស​.​ស​.​ស​.​ក​)​បាន​តាមដាន​យ៉ា​យកចិត្តទុក ដាក់​រាល់ ការបញ្ចេញមតិ និង​ការផ្សព្វផ្សាយ​នានា​ទាក់ទិន​នឹង​កិច្ចការ​កម្ពុជា ហើយ​បានកត់សំគាល់​ឃើញថា ម្តង​ហើយ​ម្តងទៀត ជាពិសេស​កាលពីពេល​ថ្មីៗ​នេះ ទណ្ឌិត សម រង្ស៊ី ជា​បុគ្គល​មាន​ច​រឹត​ជ្រុលនិយម​បាន​បន្ត ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ប្រជាជន​និង​បាន​និយាយ​ប្រមាថ​មួលបង្កាច់​ជា​បន្តបន្ទាប់​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​ជាតិ​ដែល​មានគុណ បំណាច់​ដ៏​ធំធេង​លើសលប់​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​បញ្ជាក់ថា ព្រះមហាក្សត្រ ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច និង​មិន​លូកលាន់​ក្នុង​កិច្ចការ​នយោបាយ​នោះទេ​។ ព្រះមហាក្សត្រ ទ្រង់​ជា​និមិត្តរូប​នៃ​ការឯកភាព​ជាតិ និង​ក៏មាន​ចែង​នៅក្នុង រដ្ឋធម្មនុញ្ញ​ផងដែរ ថា «​អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​»​។ សម្តេច​តេ​ជោ ហ៊ុន សែន គឺជា ស្ថាបនិក​សន្តិភាព និង​ជា​ឥស្សរជន កំពូល​ដែល​បាន​ត្រួសត្រាយ​កម្ពុជា ចាប់តាំងពី​ចំណុចសូន្យ ជា​អ្នក​គូសវាស​ជោគវាសនា​កម្ពុជា រហូតមក​កាន់​ដំណាក់កា​នៃភាពរីកចម្រើនរុងរឿងដូចពេល
បច្ចុប្បន្ន​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ក៏បាន​កត់សម្គាល់ឃើញ​ផងដែរ​ថា សាធារណជន​វាយតម្លៃថា អ្វីដែល​ទណ្ឌិត សម រង្ស៊ី ធ្វើជា​បន្តបន្ទាប់ គឺ​មិនបាន​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នោះទេ ប៉ុន្តែ​ជា​ទង្វើ​ដែលមាន​ភាព​អាត្មានិយម ដើម្បី​តែ​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន ហើយ​កំហុសឆ្គង​នយោបាយ និង​ភាពបរាជ័យ​បាន​ជំរុញ​ឱ្យ ទណ្ឌិត សម រង្ស៊ី គិត​ឃើញ​ត្រឹមតែ​ភាសា​ប្រមាថ ដែល​បង្ហាញ​នូវ​ភាពអន់ថយ​និង​ហ្វា​ស៊ី​ស​។ ទង្វើ​របស់​ទណ្ឌិត សម រង្ស៊ី ក៏ត្រូវ​បាន​ក្រសួង​ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ញាតិវង្សានុវង្ស គណបក្សនយោបាយ និង សាធារណជន ថ្កោលទោស​ដោយ​ចាត់ទុកថា ជា​អំពើ​ក្បត់ជាតិ និង​ប្រៀប​ដូចនឹង​ទង្វើ​ដ៏​គ្រោះថ្នាក់​របស់ ប៉ុល ពត ដែលជា​ទមិឡ​ឥត​សាសនា​បំផ្លិចបំផ្លាញ​សង្គមជាតិ​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានធ្វើការ​កត់សម្គាល់​ថា សង្គមជាតិ​នីមួយៗ រួមទាំង​ករណី​ប្រទេស​កម្ពុជា​យើង​ផង គឺ​ត្រូវតែមាន តួអង្គ និង ស្ថាប័ន ដែល​ធានាបាន​មូលដ្ឋានគ្រឹះ​នៃ​ការរក្សា​លំនឹង​ជាតិ ដើម្បី​ពង្រឹង​បាន​នូវ​ស្មារតី​សាមគ្គី ឯកភាព​ជាតិ និង​ពង្រឹង​បាន​នូវ​ខឿន​ការពារជាតិ​។ មុំ​ដ៏​សំខាន់​សម្រាប់​ទ្រ​លំនឹង​ជាតិ​យើង មាន​តួអង្គ​កំពូល​ទាំងបី​គឺ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង​ប្រជាជន ហើយ​ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ និង​ក្នុង​ការគោរព​ដល់​ភាពថ្លៃថ្នូរ កម្ពុជា​មិនអាច​អនុញ្ញាត​ឱ្យមាន​អំពើ​ប្រមាថ ការបំបែកបំបាក់ រួមទាំង​ការបំផ្លាញ​ចំពោះ​គុណសម្បត្តិ និង​គុណ​តម្លៃ​របស់ ឥស្សរជន និង ស្ថាប័ន​ជាតិ​នោះឡើយ ព្រោះ​ជា​តួអង្គ​ដែល​តំណាងឱ្យ​ផលប្រយោជន៍​រួម​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ​និង​ប្រជាជន​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា យល់ស្រប​នឹង​មនោសញ្ចេតនា និង​ស្មារតី​របស់​ប្រជាជន​កម្ពុជា ដែល​មិនអាច​ទទួលយកបាន​ចំពោះ​ទង្វើ​អសីលធម៌​របស់ ទណ្ឌិត សម រង្ស៊ី និង​បាន​ថ្កោលទោស​ចំពោះ ទង្វើ​ខុសឆ្គង​ដ៏​គ្រោះថ្នាក់​របស់ ទណ្ឌិត សម រង្ស៊ី​។ បើ​ទណ្ឌិត សម រង្ស៊ី អន់ថយ​ដោយ​ខ្លួនឯង បរាជ័យ​ដោយ​ខ្លួនឯង គួរតែមាន​ភាព​អៀនខ្មាស​ដោយ​ខ្លួនឯង ដោយ​មិនត្រូវ​បង្កើត​លេស និង​ទម្លាក់​នូវ​អ្វី​ដែលជា​កំហុស​របស់ខ្លួន បន្ទោស​ទៅ​អ្នកដទៃ​នោះទេ​។ លើសពីនេះ ភាពជ្រុលនិយម​របស់​ទណ្ឌិត សម រង្ស៊ី គឺ​បាន​បំពាន​ដោយ​ងងើល​ចំពោះ​ចំណុច​ខាងលើ​ជា​បន្តបន្ទាប់ រួមទាំង​បាន​ជាន់ឈ្លី​លើ រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ​ផងដែរ​។ នយោបាយ​ជា​ផ្នែក​នៃ​ដំណើរ​កម្ពុជា ហើយ​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព សន្តិភាព និង​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ កម្ពុជា​មិនត្រូវ​ធ្វេសប្រហែស មិនត្រូវ​មើលស្រាល និង​មិន​ត្រូវឱ្យ​កើតមាន ជាថ្មី​នូវ​ជន​ហ្វា​ស៊ី​ស ព្រមទាំង​មនោគមវិជ្ជា​របៀប​ទមិឡ​ឥត​សាសនា មានឱកាស​បំផ្លិចបំផ្លាញ​មាតុភូមិ​កម្ពុជា បានឡើយ ទាំង​ក្នុង​បច្ចុប្បន្ន និង​តទៅ​អនាគត​៕