ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ សិស្សានុសិស្ស ចំនួន ៩០ នាក់ មកពីសាលាបឋមសិក្សា ចំនួន ៣ ក្នុងស្រុកបរិបូណ៌ បានទទួល អំណោយ ជាអាវពោងការពារសុវត្ថិភាព សម្រាប់ពាក់ឆ្លងទឹកទៅមកសាលា ពីសាខាកាកបាទក្រហមកម្ពុជា (ក.ក្រ.ក) ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា រួមដំណើរដោយ លោក ចេង ចាន់ដូណា ប្រធានគណៈកម្មាធិការ អនុសាខា ក.ក្រ.ក ស្រុកបរិបូណ៌ លោក ឯល សារឿន មន្ត្រីប្រចាំការអនុសាខា ក.ក្រ.ក ស្រុកបរិបូណ៌ និងមន្ត្រីសាខា បានចុះទៅសាកសួរសុខ ទុក្ខ និងចែកជូននូវអាវពោង ដល់សិស្សានុសិស្សថ្នាក់ទី ១ ចំនួន ៩០ នាក់ ដែលមកពី ៣ សាលា ក្នុងនោះមាន សាលាបឋមសិក្សា ឆ្នុកទ្រូ ៣០នាក់, សាលាបឋមសិក្សា យុគន្ធរ ៣០នាក់, និងសាលាបឋមសិក្សា កំពង់ក្រចាប់ ៣០នាក់។

មេឃុំឆ្នុកទ្រូ លោក សាំង គឹមស៊ន បានឱ្យដឹង នៅរសៀលថ្ងៃទី២៨ តុលា ២០២២ នេះថាៈ អាវពោងសម្រាប់ការពាសុវត្ថិភាព បានផ្តល់ឱ្យដល់សិស្សាន្សិស្ស សាលាបណ្តែតទឹក ។

ក្នុងឱកាសនោះដែរ អាជ្ញាធរស្រុកបរិបូរណ៍ បានផ្តាំផ្ញើដល់មាតាបិតា និងប្អូនៗ សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលធ្វើដំណើរទៅ និងមកសាលារៀន ត្រូវពាក់អាវការពារសុវត្ថិភាព ដើម្បីជៀសវាងហេតុការណ៍ណាមួយ កើតឡើងជាយថាហេតុ ខណៈទឹកទន្លេ មានការស្រកតិចតួច៕ V / N