ដោយ៖រស្មី(បាត់ដំបង)៖ ក្រុមប្រឹក្សាឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីគណបក្សប្រជាជនកម្ពុជា និង គណបក្សភ្លើងទៀន (ជំទប់ទី១ លោក ជា ចេក) ​កាលពីថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២២ បាន​ធ្វើលិខិតថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ លើអង្គ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ដោយចោទប្រកាន់យ៉ាងងងើលថា «ព្រះមហាក្សត្រជាជនក្បត់ជាតិ​» និង​«ស្តេចស្រុកខ្មែរគ្មាន​មនសិការស្នេហាជាតិ​ សូម្បីតែបន្តិច»។

នៅក្នុងលិខិតថ្កោលទោសបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រមាថ ទណ្ឌិត​ជាប់ទោសក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរស​ស្នេហាជាតិរបស់ប្រជារាស្ត្រខ្មែរ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ហើយប្រជារាស្ត្រខ្មែរទូទាំងប្រទេសពិតជាមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យទណ្ឌិតជាប់ទោសក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី នេះជាដាច់ខាត។

ក្នុងលិខិតបានបន្តទៀតថា យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និង រត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។

ក្នុងនោះក្រុមប្រឹក្សាឃុំទាំងពីរបក្ស (គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន) បានប្រកាសជំហរគាំទ្រដង្ហែនិងដើរតាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជានិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិដ៏កំពូល និងជាទីគោរពសក្ខារៈដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ ។ ជាមួយគ្នានេះក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការដែលបានប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិ៣ជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព សង្គម និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី នេះបានកើតមានឡើង បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ៕

លិខិតរួមរបស់ក្រុមប្រឹក្សាឃុំព្រែកហ្លួង ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន

លិខិតដាច់ដោយឡែករបស់លោក ជា ចេក ជំទប់ទី១ ឃុំព្រែកហ្លួង មកពីគណបក្សភ្លើងទៀន