ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​សកម្ម​ខាង​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ត្រូវបាន​បង្ក្រាប​បានជា​បន្តបន្ទាប់​

1167
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ជា​បក្សពួក​ចំនួន​៥​នាក់ ដែល​សកម្ម​ខាង​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​សៀមរាប រួមសហការ​ណ៍​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ និង​បាន​សហ​ការណ៍​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ រួមទាំង​ដកហូត​បាន​វត្ថុតាង​ដែល​ពាក់ព័ន្ធ​មួយចំនួនធំ​។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង​១៨​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅនេះ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការ​ង​នគរបាល​ក្រុង​សៀមរាប​ទទួល​ផ្នែក​យុត្តិធម៌ បាន​បញ្ជាក់ថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ស​.​ផ​.​យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​និយាយថា មាន​ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់គាត់ តែ​ត្រូវបាន​អ្នកជិតខាង​សង្ស័យ​ហើយ​រាយការណ៍​មក​បងប្អូន​ប្រជា​ការពារ​ភូមិ និង​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បន្តបន្ទាប់​ភ្លាមៗ​ចំនួន​០៣​នាក់ យកមក​សាកសួរ​។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ទី​១-​ឈ្មោះ ហឿន សរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​២-​ឈ្មោះ ឆាយ វ៉ាន់​ណែ​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​(​ជា​ជន​សមគំនិត​) ,​និង​ទី​៣-​ឈ្មោះ កែវ បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ (​ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ទម្លុះទម្លាយ​)​។​

​លោក​អធិការរង​បានបញ្ជាក់​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក ពួកគេ​បាន សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព លួច​ដូច​ការប្តឹង​ចោទប្រកាន់​មែន​។ ហើយ​រាល់​ទ្រព្យសម្បត្តិ​ដែល​លួចបាន ជនសង្ស័យ​ខាងលើ​បាន យក​លក់​អោយឈ្មោះ ឆាយ វ៉ាន់​ណែ​ត ។​

​លោក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ បាន​បន្តថា យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ឆាយ វ៉ាន់​ណែ​ត​រួចមក កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បានធ្វើ​ការបន្ត​ឆែកឆេរ កន្លែង​ដែល​ជនសង្ស័យ​យក​វត្ថុតាង​ទៅ​លាក់ទុក​។ បន្ទាប់​ធ្វើការ​ឆែកឆេរ នគរបាល​ក្រុង​សៀមរាប បាន​សហ​ការណ៍​ជាមួយ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ត​នាំខ្លួន​ជនសង្ស័យ ដែល​ស្នាក់​នៅក្នុង​បន្ទប់​ដែល​ក្រុម​ជនសង្ស័យ​ខាងលើ​យក​វត្ថុតាង​ទៅ​លាក់ទុក ហើយ​មាន​ពាក់​ព​ន្ធ័​នឹង​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​បាន​ចំនួន​០២​នាក់​បន្ថែមទៀត​។​ ​ជនសង្ស័យ​មានឈ្មោះ ងិន មាស​រិទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដ​ង្កំ និង​ម្នាក់ទៀត​ឈ្មោះ កែវ ឡោះ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក​។​
ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន – ម៉ូតូ​០១​គ្រឿង​ម៉ាក​MSX ពណ៌​ខៀវ គ្មាន​ផ្លាកលេខ លេខ​តួលេខ​ម៉ាស៊ីន ៤០០៥២៩ -​ផ្លាកលេខ​ចំនួន​០២​សន្លឹក មាន សៀមរាប 1Y-1361 និង​កណ្តាល 1S-6480 -​ម្ស៉ៅ​គ្រើម​ពណ៌​ស ម៉ា​ទឹក​ក​ចំនួន​១៥​កញ្ចប់​តូច -​ទូរ​សព្ទ​ចំនួន​០៣​គ្រឿង​(​ខូច​) ជា​របស់​ជនសង្ស័យ​។
​វត្ថុតាង​របស់​ជនរ​ង​គ្រោះ​ដកហូត​ពី​ជនសង្ស័យ​មាន​៖ -​ទូរទស្សន៍​ទំហំ ២១​អ៉ិ​ញ ០១​គ្រឿង -​ម៉ាញ៉េរ​០១​គ្រឿង -​សា​ឡុង​ឈើ​០១ -​តុ​តូច ០១ -​នាឡិកា​ឈើ​០១​គ្រឿង -​កៅអី​ផ្អែក ០១ -​ទូទឹកកក​០១​គ្រឿង -​ខោអាវ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម