ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កម្មវិធីប្រណាំងទូក សហគមន៍បន្ទាយឆ្មារ ឆ្នាំ ២០២២ ដែលប្តូរពីការប្រារព្ធធ្វើ នៅកសិណប្រាសាទបន្ទាយឆ្មារ ទៅធ្វើក្នុងទឹក បារាយណ៍ ប្រាសាទមេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នាល្ងាចថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមានតែទូកចំនួន ៤ គ្រឿងប៉ុណ្ណោះ (គឺធំ២ និងតូច ២ គ្រឿង) ចូលរួមប្រណាំងអុំ ប៉ុន្តែមានកីឡាករចំណុះទូក ដែលត្រូវប្រកួតវិលជុំ ចំនួន ២៤ ក្រុម (តូច ១៦ ក្រុម និង ធំ ៨ ក្រុម) ។

នេះបើតាមលោក តាត សុផល ប្រធានសហគមន៍ ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ បានប្រាប់កាសែតរស្មីកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ។

យោងតាមកម្មវិធី គឺព្រឹត្តិការណ៍នោះ នឹងចាប់ផ្ដើមនៅល្ងាច ថ្ងៃទី៣០ ខែតុលា គណៈអធិបតី និងព្រះសង្ឃ អញ្ជើញនិងនិមន្ត បើកសម្ពោធកម្មវិធី ដោយកិច្ចការសាសនា និងសំណេះសំណាល ជាមួយកីឡាករចំណុះទូក ដែលបែងចែកឈ្មោះជាក្រុមៗ សម្រាប់ប្រកួតយកជ័យលាភី (មិនមែនឈ្មោះទូកទេ)។

ដល់វេលាព្រឹក-រសៀល ថ្ងៃទី៣១ ខែតុលា ប្រកួតវិលជុំ និង វេលាព្រឹក-រសៀល ថ្ងៃទី១ ខែវិច្ឆិកា ប្រកួតផ្តាច់ព្រ័ត្រ រកជ័យលាភីលេខ១, លេខ២, លេខ៣ ដែលត្រូវទទួលពាន រង្វាន់ និងរង្វាន់។ ចំណែកក្រៅពីនោះ នឹងទទួលបានរង្វាន់ជាការលួងចិត្ត។

លោក តាត សុផល បានបន្តថាៈ ទូកតូច ២ គ្រឿង គឺសម្រាប់ ១៦ ក្រុមកីឡករនៃ ចំណុះទូក ១០-១១ នាក់ និងទូកធំ ២ គ្រឿង សម្រាប់ ៨ ក្រុមកីឡាករ នៃចំណុះទូក ២២ នាក់ ។

សូមរំលឹកថា ដោយសារទឹកជំនន់ និងការបិទទំនប់ ខ្នងបារាយណ៍ប្រាសាទមេបុណ្យ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើឱ្យមានទឹកសមស្រប (ជម្រៅ ២ ទៅ ២,៥ ម៉ែត្រ) សម្រាប់រៀបចំពិធីប្រណាំងទូក សហគមន៍នេះ បានជាលើកដំបូង ។

ការរៀបចំពិធីនេះ គឺដោយសារៈ ទី១-ដើម្បីកម្សាន្តសប្បាយ ជួបជុំប្រាស្រ័យគ្នា ។ ទី២-ដោយសារលើថែវ / ជញ្ជាំងខាងមុខ ផ្នែកខាងស្តាំនៃប្រាសាទបន្ទាយឆ្មារ មានរូបចម្លាក់ ចម្បាំងជើងទឹក រវាងកងទ័ពខ្មែរ ប្រយុទ្ធកងទ័ពចាម នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ ទី៣-អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ៕ V / N