ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ភ្ញៀវបរទេស រីករាយនឹងកម្មវិធីបុកអំបុក និងជិះរទេះគោ នៅរមណីដ្ឋានទេសចរណ៍ តំបន់បន្ទាយឆ្មារ នាឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក តាត សុផល ប្រធានសហគមន៍ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានប្រាប់ កាសែតរស្មីកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ថាៈ ក្រោយពីបើកទេស ចរណ៍ឡើងវិញ កាលពីដើមឆ្នាំ២០២២ នៅពេលស្ថានភាពកូវីដ-១៩ បានធូរស្រាល នោះ ភ្ញៀវទេសចរបរទេស និងខ្មែរ បានវិលទៅទស្សនារមណីដ្ឋាននានា នៅតំបន់ ប្រាសាទបន្ទាយឆ្មារ ឡើងវិញ។ ក្នុងនោះ គិតមកទល់ខែតុលានេះ បរិមាណភ្ញៀវបរទេស បានទៅទស្សនាបានប្រមាណ ៥០ ភាគរយ បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ-១៩ កាលពីជាង ២ ឆ្នាំមុន ។ ពោលគឺ មានពី​៥០ ទៅជិត ១០០ នាក់ ក្នុង១ខែៗ (គិតភ្ញៀវ ដែលកក់ មកតាមច្រកសហគមន៍ទេសចរណ៍) ដែលកាលពីមុន មានពី ១០០ ទៅ ២០០ នាក់ ក្នុង១ខែៗ ។

លោកបានបន្តថាៈ ចំណែកភ្ញៀវជាតិវិញ បានកើនឡើងខ្ពស់ឡើងវិញ។ ក្នុងនោះ នៅថ្ងៃ ធម្មតា មានពី ៥០-៦០ នាក់ ក្នុង១ថ្ងៃ និងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យ មានពី ១០០ – ៥០០ នាក់ ក្នុង១ថ្ងៃ ។ ភ្ញៀវទាំងនោះ បានទៅទស្សនាប្រាសាទបន្ទាយ ឆ្មារ, ស្ពានភ្ជាប់និស្ស័យ បារាយណ៍មេបុណ្យ , អាងជើងគ្រូស, ប្រាសាទបន្ទាយទ័ព នៃ ឃុំបន្ទាយឆ្មារ និងថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងខ្លះហួសទៅប្រាសាទ តាមាន់, ប្រាសាទតាក្របី ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ៕ V / N