ដោយ៖តារារិទ្ធ(កំពង់ធំ)នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញចែកស្រូវ ពូជ ស្បៀងអាហារ និង ថវិកា ជូនប្រជាពលរដ្ឋខេត្តកំពង់ធំជិត ៧ ពាន់គ្រួសារ ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ធំផងដែរ ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានឱ្យដឹងថាប្រជាពលរដ្ឋដែលអញ្ជើញមកទទួលស្រូវពូជ ស្បៀងអាហារនិង ថវិកា មានចំនួន ៦,៨៤៤ គ្រួសារមក ពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់និង២៩៨ភូមិ។ស្រូវពូជដែលនឹងប្រគល់ជូនប្រជាពលរដ្ឋមានចំនួន ៦៨៤,៤០០គីឡូក្រាមរួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ ត្រីខ មីនិងថវិកាមួយ ចំនួនទៀត។

លោកអភិបាលខេត្តកំពង់ធំបានឱ្យដឹងថាខេត្តកំពង់ធំដែលជាតំបន់វាលទំនាបកណ្តាលបានទទួលរងគ្រោះទឹកជំនន់និងប៉ះពាល់ចំនួន ៩ក្រុង ស្រុក ៥១ ឃុំ សង្កាត់និង ២៩២ភូមិ។ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩,៣៣៦ គ្រួសារក្នុងនោះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១,៥០១គ្រួសារ ។ ទឹកជំនន់បានប៉ះពាល់ដំណាំស្រូវ ២៥,៣៩៥ ហិកតា ខូចខាត ១២,៣០៧ហិកតានិងដំណាំរួមផ្សំ ១,៧៦៦ ហិកតា ខូចខាត ១,២៥៦ហិកតានិងប៉ះពាល់ហេ ដ្ឋារចនាសម្ព័ន្ធខូចខាតស្ពានទាំងស្រុងចំនួន ០២កន្លែងផ្លូវជនបទមួយចំនួន ទទួលរងការខូចខាតប៉ះពាល់សាលារៀនមណ្ឌលសុខភាពនិងវត្តអារាមមួយចំនួនទៀត។

លោក ងួន រតនៈ បានឱ្យដឹងថាដើម្បីឆ្លើយតបនិងដោះស្រាយបន្ទាន់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធបានត្រៀមប្រចាំការនិងចុះពិនិត្យមើលទី តាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ជាប្រចាំ ។ ក្រៅពីនោះរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយដល់សាធារណជននិងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំតាមរយៈការប្រើ ប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈទុកជាមុន។ ព្រមទាំងបានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់ នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់។

ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតហើយទទួលរងដោយគ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ចែកជូនគ្រឿងឧបភោគបរិភោគដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលនិងសប្បុរសជននានាជូនប្រជាពលរដ្ឋបានចំនួន ១៥,៤៩៤គ្រួសារ។ដោយឡែកលោកបណ្ឌិត ហ៊ុនម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០កញ្ចប់ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយនឹងការដោះស្រាយផលប៉ះពាល់នៃទឹកជំនន់ខាងលើ ពិសេសការដោះស្រាយជីវភាពជូនបងប្អូនដែលមានជីវភាពខ្វះខាត ជាគ្រឿងឧបភោគបរិ ភោគ និងថ្នាំពេទ្យខាងលើ សម្តេចតេជោក៏បានផ្ដល់អង្ករចំនួន ៣០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារបន្ថែមទៀតដើម្បីឱ្យរដ្ឋបាលខេត្ត និងគណៈ កម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តផ្ដល់ជូនដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់។ មួយវិញទៀតចំពោះការស្ដារឡើងវិញ នូវការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ លើផ្ទៃដី ១១,៥៣០ហិកតា ដែលត្រូវការស្រូវពូជជាចាំបាច់ចំនួន ៩៥៩តោន ក្នុងនោះ លោកទេសរដ្ឋមន្តីគន់ គីម ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តបានផ្ដល់ជូនប្រជាពល រដ្ឋលើកទី១ បានចំនួន ២៧៤តោន ស្មើនឹង ៤,១៩៦គ្រួសារ ៕