ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថារាជរដ្ឋាភិបាលបន្តលើកទឹកចិត្តដល់វិស័យឯកជនដែលវិនិយោគលើ ផលិតកម្មស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនជាងមុនដើម្បីសម្រេចចក្ខុវិស័យនៃការនាំចេញអង្ករឱ្យបានមួយលាន តោនរបស់កម្ពុជាស្របតាមគោលនយោបាយស្ដីពី ការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តដល់វិនិយោគិនបែបនេះនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីនាព្រលប់ថ្ងៃទី ២៨ ខែ តុលា ២០២២លទ្ធផលនៃសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា៖ បច្ចុប្បន្នកម្ពុជារោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាមានចំនួន ១៩៥រោងម៉ាស៊ីនក្នុងនោះចំ នួន ៨០ រោងម៉ាស៊ីនមានកម្រិតស្តង់ដារអន្តរជាតិអាចនាំចេញបាន ។ រោងម៉ាស៊ីនទាំង ១៩៥ អាចមានសមត្ថភាពកិនអង្ករបាន ៣ ម៉ឺនតោននិងសម្ងួតស្រូវបាន ៥ ម៉ឺនតោនក្នុង មួយថ្ងៃ។

ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ កម្ពុជាបាននាំចេញស្រូវមានចំនួន ២,៣៥៧,៦៧៤តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជាង៥៦៣ លានដុល្លារសហ រដ្ឋអាមេរិកដែលនាំចេញ ទៅប្រទេសវៀតណាម និង បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោនដែលគិតជាទឹកប្រាក់មានចំនួនជិត ២៨៧ លានដុល្លារសហរដ្ឋអា មេរិក។ សូមជម្រាបថា ឆ្នាំ២០២១ កម្ពុជាបានចេញអង្ករជាង៦១ម៉ឺនតោន ៕