​ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​ កាល​ពីរសៀលថ្ងៃ​ទី​២៧​ខែតុលា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ជាមួយនឹង​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន ស្តីពី កិច្ចសហប្រតិបត្ដិការ​ជំរុញ​ការនាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា​ទៅ​កាន់ ប្រទេស​ចិន​ក្រោម​អធិបតីភាព លោក ឈួន​ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង ពាណិជ្ជកម្ម និង​ជា​តំណាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​តំណាង​ក្រសួង​ពាក់ព័ន្ធ​ដូចជា​៖ តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ព្រមទាំង​សមាជិក និង​សហ​ព័​ព្ធ សមាគម ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​វិស័យ សំបុក​ត្រចៀកកាំ​ជាច្រើនរូប​ផងដែរ​។

​លោក កៅ កោសល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​៖​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ផ្ដោតទៅលើ​សកម្ម​ភា​នៃ​កិច្ចសហ​ប្រតិ​បត្តិ​ការ​សំខាន់ៗ រួមមាន​៖ ១-​ការស្វែងរក​ដៃគូ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សំបុក​ត្រចៀកកាំ ២-​កិច្ច​គាំពារ​ឱ្យមាន​ការបង្កើត រោងចក្រ​កែច្នៃ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ ៣-​ការជំរុញឱ្យ​មានការ​បើក​ច្រក​ពាណិជ្ជកម្ម លើ​ផលិតផល​ទឹកមាត់ ត្រចៀកកាំ​រវាង​កម្ពុជានិង​ចិន៤-​ការពង្រឹង​បណ្តាញ​ធុរកិច្ចតាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្​ម​ផ្សេងៗ ដូចជា វេទិការ​ធុរកិច្ច ជំនួប​ពាណិជ្ជកម្ម និង​ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​ជាដើម​។​

​លោក Mr. ZENG Youmin ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន បាន​ថ្លែងថា​៖ លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​គាំទ្រ និង​បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​ការនាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិន មានបំណង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ចិន​-​កម្ពុជា​និង​រួមចំណែក​កម្លាំង​របស់​យើង​ក្នុងការ​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ទៅកាន់​ប្រទេស​ចិន​។លោក​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជាក៏​បានបញ្ជាក់​បន្ថែមថា អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​សៀ​មិនបាន​សហការគ្នា​ពិនិត្យ​លើ​អនុស្សរណៈ​នេះយ៉ាង​លម្អិត រហូត​បាន​ឈានដល់​ការចុះហត្ថលេខា​​នា​ថ្ងៃនេះ​។​

​ថ្លែង​ក្នុង​ពិធី​នោះ លោក ឈួន ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថា តាងនាម​ឱ្យឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម លោក​មាន​កិត្តិយស និង​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម នៅក្នុង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នាពេលនេះ​។ ជាមួយគ្នានេះ សូម​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ខិតខំ ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​សៀ​មិន ក្នុងការ​រៀប​ចំ​ឯកសា​រ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ឈាន ដល់​ការចុះហត្ថលេខា​នាពេលនេះ​។ក្រសួងពាណិជ្ជកម្មគាំទ្រ​និង​សូម​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ផែនការ​ក្នុង​ជំរុញ​ការនាំចេញ​ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា​ទៅកាន់ ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។​

​លោក​បាន​បន្ថែមថា​បច្ចុប្បន្ន​នេះ វិស័យ​ពាណិជ្ជកម្ម បាននិងកំពុង​មានកា​រ​អភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ដោយ បាន​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យធ្វើ​ការ វិនិយោគ លើ​ការកែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ក្នុងស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់ គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិ​ភាពឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ ពិតណាស់ថា​គំនិត​ផ្តួចផ្តើម​នេះ​គឺមាន​ផែនការ​ដែល​ធ្វើឱ្យ​ការនាំចេញ​ផលិតផល​កសិកម្មកម្ពុជា​ទៅកាន់​ប្រទេស​ចិនជាពិសេសផលិតផល​សំបុក​ត្រចៀកកាំ​នេះវា​ជា​ដំណឹង​ដ៏​ល្អនិង​ឱកាស​ដ៏​អស្ចារ្យសម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​នៅ​ប្រទេស​កម្ពុជាផងដែរ​។​

​លោក​រដ្ឋលេខាធិការ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​បាន​ពី​អនុស្សរណៈ​នេះ​ចូល​ជា​ធរមាន​បន្ទាប់ពី​ចុះហត្ថលេខា​រួច ផលិតផល​សំបុក​ត្រចៀកកាំ​កម្ពុជា​នឹង​អាច​នាំចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន​យ៉ាងច្រើនដែលជា​អត្ថប្រយោជន៍ដល់​វិស័យ​ឯកជន​កម្ពុជា​នៅក្នុង​វិស័យ​សំបុក​ត្រចៀកកាំ​បាន​យ៉ាងច្រើន​នៅពេល​អនាគត​ដ៍​ខ្លី​ខាងមុខ​៕Ph​