​ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ថៃ បន្ត​គាំទ្រ​និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ បន្ត​ថែរក្សា​មរតក​ប្រពៃណី​ល្អ​ពី​ដូនតា ក្នុង​ការជួយ​យកអាសារ​គ្នា​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន​ការឈឺ​ថ្កាត់​តម្រូវការ​សេវា​សុខាភិបាល​បន្ទាន់ រួម​និង​ការដោះដូរ​ទំនិញ​បម្រើឱ្យ​ជីវភាព​ប្រចាំថ្ងៃ​ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ទាំងសងខាង​។​

​សម្តេច​ប្រធានរដ្ឋសភា បានលើកឡើង​ដូច្នេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ថៃ និង​ជា​ប្រធាន APPF លើក​ទី​៣០ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​រដ្ឋសភា​ប្រទេស​ថៃ ខណៈ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់​។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ថៃ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ប្រជាជន​ចំណាកស្រុក​កម្ពុជា​កំពុងស្នាក់នៅ​ប្រកបការងារ​នៅក្នុង ព្រះរាជាណាចក្រ​ថៃ និង​ទទួល​ឱកាស​បាន​រៀនសូត្រ​ផងដែរ​។​

​ឯកឧត្តម ឈួន លី​ក​ផៃ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​APPF លើក​ទី​៣០​នាឱកាស​នេះ​។ ឯកឧត្តម​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​គូសបញ្ជាក់ថា ក្នុងនាម​ប្រធានរដ្ឋសភា​ថៃ ឯកឧត្តម​តែងតែ​យកចិត្ត​ទុក​ចំពោះ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ពិសេស​នៅក្នុង​អំឡុង ពេល​ជំងឺ​កូ​វីដ​១៩​នេះ រដ្ឋសភា​ថៃ​បានស្នើ​ដល់​រដ្ឋបាល​ឱ្យ​យកចិត្តទុកដាក់​ដល់​ព​លករ​បរទេស​ទាំងអស់ ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​នៅក្នុង​នោះ​មាន​ពលករ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​បាន​ជម្រាប​សម្តេច​ថា ឯកឧត្តម​នឹង​ដឹក​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទល់មុខ​រវាង​អាស៊ាន និង​AIPA និង​មហាសន្និបាត​AIPA​លើក​ទី​៤៣​នៅ​កម្ពុជា​ក្នុង​ខែវិច្ឆិកា ខាងមុខនេះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម ឈួន លី​ក​ផៃ បានបង្ហាញ​ក្តី​រីករាយ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​ប្រសូត្រ​ចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ក៏ដូចជា​រវាង​រដ្ឋសភា​ទាំងពីរ ដែល​បានផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព និង​វិបុលភាព សម្រាប់​ប្រជាជាតិ​ទាំងសងខាង និង​បានរួម​ចំណែក​ដល់​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ទាំង​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​ជា​ចុងបញ្ចប់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ និង​អបអរសាទរ​ដល់​រដ្ឋ​សភា​ថៃ ដែល​បានរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​៣០ នេះ​យ៉ាង​ល្អ និង​អធិកអធម និង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​៕​Ph