ដោយៈ​សុផល​/​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​៣០ ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ នៅ​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ប្រទេស​ថៃ និង​ជា​ប្រធាន APPF លើក​ទី​៣០​។​

​កិច្ចប្រជុំ​APPF លើក​ទី​៣០ ក្រោម​មូលបទ “​សភា និង​ការ​ស្តារឡើងវិញ​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដើ​ម្ប​លើក​កំពស់​លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង​សន្តិសុខ​” បាន​ដំណើរការ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ ដោយមាន​សមាជិក APPF ចំនួន​២២​ប្រទេស និង​ប្រទេស​សង្កេតការណ៍​មួយចំនួនទៀត​បាន​ចូលរួម​។​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​បាន​ដំណើរការ​កិច្ចប្រជុំ​គណៈកម្មការ​សភា​ស្ត្រី គណៈកម្មការ​នយោបាយ​និង​សន្តិសុខ គណៈកម្មការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​គណៈ កម្មការ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​កិច្ចប្រជុំ​សមាជិកសភា​វ័យក្មេង ផងដែរ​។

​ជា​លទ្ធផល​កិច្ចប្រជុំ APPF លើក​ទី​៣០ បានអនុម័ត​សេចក្តីសម្រេច​ចំនួន​១១ ពាក់ព័ន្ធ​នឹង​វិស័យ​ការលើកកម្ពស់​តូ​នាទី​សភា​និង​ពហុភាគី​និយម​នៅក្នុង​ការដោះស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សា​នៅក្នុង​តំបន់​និង​សកលលោក​ដែល​កំពុង​កើតមាន​ចំពោះ​ពលរដ្ឋ និង​បាន​ឯកភាព​ឱ្យ​សភា នៃ​ប្រទេស​ហ្វីលីពីន ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​បន្ទាប់ នៅ​ឆ្នាំ ២០២៣​។

​មុន​បិទ​បញ្ចប់​កិច្ចប្រជុំ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រួម​នឹង​ប្រធាន​គណៈប្រតិភូ​សភាសមាជិក​APPF ទាំងអស់​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​របាយការណ៍​រួម​នៃ​កិច្ចប្រជុំ​ផងដែរ​៕​Ph