ដោយៈ តារា​រិ​ទ្ធ / កំពង់ធំៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចែក​ស្រូវពូជ ស្បៀងអាហារ និង​ថវិកា ជូន​ប្រជាពលរដ្ឋ ខេត្តកំពង់ធំ ជិត ៧ ពាន់​គ្រួសារ ។ បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព សំណេះសំណាល ជា មួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំង​ខេត្តកំពង់ធំ​ផងដែរ ។

​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បានឱ្យដឹងថាៈ ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទទួល​ស្រូវពូជ ស្បៀងអាហារ និង​ថវិកា មាន​ចំនួន ៦.៨៤៤ គ្រួសារ មកពី ៩ ក្រុង ស្រុក ៤៨​ឃុំ សង្កាត់ និង ២៩៨ ភូមិ​។ ស្រូវពូជ​ដែល​នឹង​ប្រគល់ជូន ប្រជាពលរដ្ឋ មាន​ចំនួន ៦៨៤.៤០០ គីឡូក្រាម រួម​នឹង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន រួមមាន អង្ករ ត្រីខ មី និង​ថវិកា​មួយចំនួនទៀត​។

​លោក​អភិបាល​ខេត្តកំពង់ធំ បានឱ្យដឹងថាៈ​ខេត្តកំពង់ធំ ដែលជា​តំបន់​វាលទំនាប​កណ្តាល​បានទទួល​រងគ្រោះ​ទឹកជំនន់ និង​ប៉ះពាល់​ចំនួន ៩ ក្រុង ស្រុក​៥១​ឃុំ សង្កាត់​និង ២៩២ ភូមិ​។ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ២៩.៣៣៦ គ្រួសារ ក្នុងនោះ​ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ចំនួន​១.៥០១ គ្រួសារ ។​ទឹកជំនន់​បាន​ប៉ះពាល់​ដំណាំ​ស្រូវ ២៥.៣៩៥ ហិកតា ខូចខាត ១២.៣០៧ ហិកតា និង​ដំណាំ​រួមផ្សំ ១.៧៦៦ ហិកតា ខូចខាត ១.២៥៦ ហិកតា និង​ប៉ះពាល់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ខូចខាត​ស្ពាន​ទាំងស្រុង​ចំនួន ២ កន្លែង ផ្លូវ​ជនបទ​មួយចំនួន ទទួលរង​ការខូចខាត​ប៉ះពាល់​សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អារាម មួយចំនួនទៀត​។

​លោក ងួន រតនៈ បានឱ្យដឹងថាៈ ដើម្បី​ឆ្លើយតប​និង​ដោះស្រាយ​បន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ​-​អង្គភាព កងកម្លាំងប្រដាប់អាវុធ បាន​ត្រៀម​ប្រចាំការ និង​ចុះ​ពិនិត្យមើល​ទីតាំង ដែល​កំពុងតែ​ប្រឈម​នឹង​គ្រោះទឹកជំនន់​ជាប្រចាំ ។ ក្រៅពីនោះ រដ្ឋបាលខេត្ត បាន​ផ្សព្វផ្សាយ ដល់​សាធារណជន និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តកំពង់ធំ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ឱ្យដឹង​មុន ១២៩៤ ដើម្បីឱ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​ទុកជាមុន​។ ព្រមទាំង​បាន​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​សែន និង​ស្ទឹង​ស្ទោង ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​បង្ការ​ចំពោះ​គ្រោះទឹកជំនន់​។

​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ហើយ​ទទួលរង​ដោយ​គ្រោះទឹកជំនន់ រដ្ឋបាលខេត្ត​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ចែកជូន​គ្រឿងឧបភោគ​បរិភោគ ដែលជា​ស្បៀង​បម្រុង របស់​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ជូន​ប្រជាពលរដ្ឋ បាន​ចំនួន ១៥.៤៩៤ គ្រួសារ​។ ដោយឡែក លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេជ្រ ចន្ទ​មុន្នី ក៏បាន​ផ្ដល់ជូន​ថ្នាំពេទ្យ ចំនួន ១.០០០ កញ្ចប់ ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

​ជាមួយនឹង​ការដោះស្រាយ​ផលប៉ះពាល់ នៃ​ទឹកជំនន់​ខាងលើ ពិសេស​ការដោះស្រាយ​ជីវភាព ជូន​បងប្អូន​ដែលមាន​ជីវភាព​ខ្វះខាត ជា​គ្រឿង​ឧបភោគបរិភោគ និង​ថ្នាំពេទ្យ ខាងលើ​សម្តេច​តេ​ជោ ក៏បានផ្ដល់​អង្ករ ចំនួន ៣០០ តោន និង​ថវិកា​ចំនួន ១៥ ម៉ឺន​ដុល្លារ​បន្ថែមទៀត ដើម្បីឱ្យ​រដ្ឋបាលខេត្ត និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បន្ត​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

​មួយវិញទៀត ចំពោះ​ការស្ដារ​ឡើងវិញ នូវ​ការខូចខាត​ដំណាំ​ស្រូវ របស់​ប្រជាពលរដ្ឋ លើ​ផ្ទៃដី ១១.៥៣០ ហិកតា ដែល​ត្រូវការ​ស្រូវពូជ​ជា​ចាំបាច់ ចំនួន ៩៥៩ តោន ក្នុងនោះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម និង​រដ្ឋបាលខេត្ត​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ លើក​ទី​១ បាន​ចំនួន ២៧៤ តោន ស្មើនឹង ៤.១៩៦​គ្រួសារ ៕/V​