​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្តី​របស់​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ត្រូវ​បាន​វាយ​អោយ​របួសធ្ងន់​នឹង​ញញួរ​ដោយ​ជន​វាយប្រហារ​ម្នាក់​ដែល​អាជ្ញាធរ​​និយាយថា​បាន​សម្រុកចូល​ទៅក្នុង​ផ្ទះ​របស់​ប្តី​ប្រពន្ធ​នេះ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៨​តុលា ដោយ​ជន​លបលួច​ចូល​បាន​ស្វែងរក​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ស្រែក​ថា “​ណាន់​ស៊ី​នៅឯណា ណាន់​ស៊ី​នៅឯណា​?”​។​

​ការវាយប្រហារ​លើ​លោក ផូល ផេ​ឡូ​ស៊ី (Paul Pelosi)​អាយុ ៨២ ឆ្នាំ​បាន​នាំមក​នូវ​ភាព​មិន​ស្រួល​ថ្មី​ចូលទៅក្នុង​បរិយាកាស​នយោបាយ​ដែល​មាន​សភាព​វឹកវរ​រួចជាស្រេច​របស់​ប្រទេស ពោល​ត្រឹមតែ ១១ ថ្ងៃមុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ចូល​មក​ដល់​។ ការ​វាយ​នេះ​បាន​បន្ទរ​ឡើងវិញ​ដ៏​ព្រឺព្រួច​នូវ​ការបះបោរ​នៅ​វិមាន​កា​ពី​តូ​ល​កាលពី​ថ្ងៃទី​៦​មករា​ឆ្នាំ​២០២១​នៅពេល​ដែល​ពួក​កុបករ​បាន​ស្រែក​គំរាម​​ធ្ងន់ៗ​ដាក់​លោកស្រី​ប្រធាន​សភា ខណៈ​ពួកគេ​សម្រុកចូល​សាលប្រជុំ​ដើម្បី​ព្យាយាម​បញ្ឈប់​ការបញ្ជាក់​អំពី​ជ័យជម្នះ​របស់​លោក ចូ បៃ​ដិន លើ​លោក ដូ​ណា​ល់ ត្រាំ​។​

​ប្រធាន​សភាផេ​ឡូ​ស៊ី ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅពេល​មាន​ការវាយប្រហារ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា បាន​មក​ដល់​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​កាលពី​យប់​ថ្ងៃ​សុក្រ ហើយ​បាន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ កន្លែង​​ដែល​ប្តី​របស់​លោកស្រី​កំពុង​ទទួល​ការវះកាត់​លលាដ៍ក្បាល​និង​ដៃ​ស្តាំ​ដែល​បាក់​។​

​ប៉ូលិស​បាន​និយាយថា បុរស​ឈ្មោះ ដេវីដ ដេ​ប៉ាប៉េ (David DePape) អាយុ ៤២ ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​មនុស្សឃាត វាយដំ​លើ​មនុស្ស​ចាស់ និង​ប្លន់​។​ការិយាល័យ​របស់​​ប្រធាន​សភា​បាន​និយាយថា លោក ផូល ផេ​ឡូ​ស៊ី បាន​ទទួល​ការវះកាត់​ដើម្បី​ព្យាបាល​ការ​ប្រេះ​ឆ្អឹង​លលាដ៍ក្បាល​និង​របួស​ធ្ងន់ធ្ងរ​លើ​ដៃស្តាំ​និង​ប្រអប់ដៃ​របស់គាត់​។​វេជ្ជបណ្ឌិត​រំពឹង​ថា​គាត់​នឹង​ជាសះស្បើយ​​ពេញលេញ​។​

​លោកបៃ​ដិនបាន​ហៅ​ទូរស័ព្ទ​ទៅ​ប្រធាន​សភាផេ​ឡូ​ស៊ី​ភ្លាមៗ​ជាមួយ​នឹង​ការគាំទ្រ ហើយ​ក្រោយមក​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ពេញទំហឹង​ចំពោះ​ការវាយប្រហារ “​គួរឱ្យ​ស្អប់ខ្ពើម​”​។​

​លោកបៃ​ដិនបាន​និយាយ​កាលពី​យប់​ថ្ងៃ​សុក្រ​នៅឯ​ការជួបជុំ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងរ​ដ្ឋ​ផេន​ស៊ីល​វ៉ានៀ ថា “​មាន​អំពើ​ហិង្សា​ច្រើន​ពេក​ហើយ ទាំង​អំពើ​ហិង្សា​នយោបាយ​។ មានកា​សម្អប់​ច្រើនពេក​​ហើយ មានការ​ព្យាបាទ​ច្រើន​ពេក​ហើយ​”៕

​លោក ផូល ផេ​ឡូ​ស៊ី ថត​ជាមួយ​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី

​ប៉ូលិស​នៅ​ក្រៅ​គេហដ្ឋាន​ប្រធានសភា​ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​