​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការផ្តល់​ប្រាក់ឧបត្ថម្ភ ដល់ក​ម្មករ និយោជិត ក្នុង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ របស់​រាជរដ្ឋាភិបាល លើក​ទី​៨៧​។

​បើ​យោងតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ បានបញ្ជាក់​ថាៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ប្រាប់​ដល់ បងប្អូន​កម្មករ និយោជិត​ចំនួន ៩៨៦ នាក់ នៃ​សហគ្រាស​ទាំង​១០ នៃ​វិស័យ​ទេសចរណ៍ (​ដូច​មានភ្ជាប់​នៅក្នុង​ឧបសម្ព័ន្ធ​) ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់ រាជរដ្ឋាភិបាល ជ្រាបថា ធនាគារ​វី​ង នឹង​ផ្ញើ​សារ អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល ទៅ​លេខ​ទូរ​សព្ទ ដែល​បងប្អូន​បានផ្ដល់​មកឱ្យ​ក្រសួង តាមរយៈ​រដ្ឋបាល​សហ​គ្រាស នាពេល​កន្លងមក​។

​ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៖ ថវិកា​ចំនួន ១២១.៥០០ រៀល (៣០​ដុល្លារ​អាម៉េរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ រយៈពេល ១១ ថ្ងៃ ដល់ ២០​ថ្ងៃ និង ១៦២.០០០ រៀល (៤០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​។

​ក្រសួង បាន​រំ​ឮ​កថាៈ ធនាគារ​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើក ប្រាក់ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ តាម​ទូរ​សព្ទ​ពី​ធនាគារ​វី​ង​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។

​ក្នុងករណី​បងប្អូន​កម្មករ និយោជិត ដែល​បម្រើ​ការងារ នៅ​សហគ្រាស​ទាំង​១០ នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ ពី​ធនាគារ​វី​ង​នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​សហគ្រាសរ​បស់​ខ្លួន​៕/V​