ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ បានបញ្ជាក់​ពី​វឌ្ឍនភាព នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ដោយ​ភាគី​ទាំងពីរ នៅតែ​មិនទាន់​រកឃើញ​ដំណោះស្រាយ​នៅឡើយ​។

​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ការងារ បានបញ្ជាក់​ថាៈ ក្រសួង បាន​បន្ត សម្របសម្រួល​វិវាទ​ការងារ​រួម នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ស្របតាម​តួនាទី ដែល​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន ក៏ដូចជា​ស្របតាម​ស្មារតី​ចង់បាន​របស់ តំណាង​ភាគី​កម្មករ និយោជិត​ដែល​ចង់​ជួបចរចា ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​។

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ បានបញ្ជាក់​ថាៈ ឆ្លង​តាមរយៈ​កិច្ចពិភាក្សា យ៉ាង​ផុសផុល ភាគី​ទាំងពីរ នៅតែ​មិនទាន់​រកឃើញ​ដំណោះ ស្រាយ ដែល​ភាគី​ទាំងពីរ អាច​ទទួលយកបាន ព្រោះ​ភាគី​តំណាង​កម្មករ និយោជិត នៅតែ​បន្ត​ទាមទារ​ឱ្យ​យក​ចូលធ្វើការ​វិញ រីឯ​ភាគី​តំណាង​និយោជក មិនអាច​ទទួល​ឱ្យចូល​ធ្វើការ​វិញ​បានឡើយ​។ ដូច្នេះ ភាគី​ទាំងពីរ ឯកភាព​កំណត់ កាលបរិច្ឆេទ ប្រជុំ​បន្ទាប់ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤:៣០ នាទី ដើម្បី​មានឱកាស​ពិចារណា​ឡើងវិញ អំពី​លទ្ធភាព នៃ​ការ​សម្បទាន​គ្នា ទៅវិញទៅមក​ដែល​អាច​ឈានទៅ​បញ្ចប់​វិវាទ​នេះ​។

​ជាថ្មី​ម្តងទៀត ក្រសួង​ស្នើឱ្យ​ភាគី​ទាំងពីរ មានការ​យោគយល់​គ្នា​ខ្ពស់ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ ការងារ​នេះ​, បន្ត​សហការ​ជិតស្និទ្ធ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ ដោយ​សន្តិវិធី​, ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​។ ក្រសួង ក៏​សូម​ជម្រាប ជូន​បុគ្គល​ផ្សេងទៀត ដែល​មិន​ពាក់ព័ន្ធ នឹង​ករណី​វិវាទ​នេះ សូមកុំ​ចូលរួម​ក្នុង​ការតវ៉ា​។

​យោងតាម​នីតិវិធី​ច្បាប់ ប្រសិនបើ​វិវាទ​ការងារ​នេះ មិនអាច​ស្វែងរក​ដំណោះស្រាយ​បាន ដោយ​ការផ្សះផ្សា នីតិវិធី​បន្ទាប់​គឺអាច​បញ្ចូនទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ​៕/V​