ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ( MOU ) ជាមួយ​សមាគម​កីឡា​កម្ពុជា​-​សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងន័យ​ស្វែងរក​កីឡាករ​-​កីឡាការិនី​បន្ថែម ចូល​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​ពិធី​ចុះ​អនុស្សរណៈ តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ដឹកនាំ​ដោយ​លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ​អគ្គលេខាធិការ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ហើយ​លោក​បានបញ្ជាក់ ពី​គោលបំណង នៃ​អនុស្សរណៈ​នេះ​ថា បាន​ផ្ដោតលើ​កិច្ចការ​សំខាន់​ចំនួន​២ គឺ​ទី​១ ផ្តោតលើ​វិញ្ញាសា​ឆ្នេរ​ខ្សាច់​នារី និង​ទី​២ ផ្ដោតទៅលើ​បាល់ទះ​នារី​ក្នុង​សាល​។

​លោក​អគ្គលេខាធិការ បានបញ្ជាក់​ថាៈ «​អនុស្សរណៈ​នេះ គឺ​ក្នុងន័យ​តែមួយគត់ ថា​ធ្វើ​ម៉េច​ដើម្បី​អភិវឌ្ឍន៍ វិស័យ​កីឡាបាល់​ទះ​កម្ពុជា​យើង ឲ្យ​មាន​ភាព​រីកចម្រើន​ថែមទៀត ដែល​ក្នុងនោះ ខ្ញុំ​ផ្ដោតទៅលើ​កិច្ចការងារ សំខាន់​ជា​ចម្បង​ពីរ​។ ទី​១​គឺពាក់ព័ន្ធ​ជាមួយ​វិញ្ញាសា​ឆ្នេរ​ខ្សាច់ ខ្ញុំ​ជឿជាក់ថា បងប្អូន​ជនរួមជាតិ អាច​នឹង​ជ្រាប​ហើយ​។ កីឡាការិនី​ប្រភេទ​ឆ្នេរ​ខ្សាច់ នៅ​ប្រទេស​កម្ពុជា​របស់​យើង អត់​ដែលមាន​ទេ ភាគច្រើន គឺ​វា​ពាក់ព័ន្ធ​ទៅនឹង​វប្បធម៌​ប្រពៃណី ក៏​ថា​បានដែរ​។ បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន ក៏​អញ្ចឹង​ដែរ ការ​ស្លៀក​ប៊ី​គី​នី មិនអាច​លេង​បានទេ​។ អ៊ីចឹង មាន​ភាព​បិទបាំង​បន្តិច ដូច្នេះហើយ វិញ្ញាសា​មួយ​នេះ មិន​ត្រូវបាន​អ្នកណា​ផ្ដួចផ្ដើម​គំនិត នៅក្នុង​ប្រភេទ​វិញ្ញាសា​បាល់ទះ លើ​ឆ្នេរ​ខ្សាច់​នារី​ទេ​។

​វប្បធម៌ អរិយធម៌​យើង ត្រូវតែ​ថែរក្សា​ហើយ ប៉ុន្តែ​ពិភពលោក សកលភាវូបនីយកម្ម ក៏​យើង​មិន​ត្រូវតែ​បុរាណ​និយម​ពេក​ទេ ក្នុងន័យ​តែមួយ​អភិរក្ស ប៉ុន្តែ​ត្រូវមាន​ការអភិវឌ្ឍ​។ ហេតុនេះ យើង​បាន​សំណូមពរ បណ្ដា​អត្ត​ព​លិ​ក​កម្ពុជា​របស់​យើង មិន​ត្រឹមតែ​នៅ​អាមេរិក​ទេ បណ្ដា​ពិភពលោក​ទាំងអស់ ឲ្យ​តែ​គាត់​មាន​ឆន្ទៈ​ស្រឡាញ់​ជាតិ ចង់​ជួយ​ជាតិ ជ្រោង​កីឡា​ជាតិ គឺ​យើង​ស្វាគមន៍ ក្នុងករណី​ដែល​គាត់​មាន​ទេពកោសល្យ​គ្រប់គ្រាន់ ដើម្បី​ក្លាយជា​កីឡាករ​-​កីឡាការិនី តំណាង​ជាតិ​របស់​យើង មក​ចូលរួម​ជាមួយ​កីឡាការិនី នៅក្នុង​ប្រទេស ដើម្បី​ធ្វើ​ឲ្យ យើង​ទទួលបាន នូវ​លទ្ធផល​ល្អប្រសើរ នៅពេលដែល​យើង ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​យើង​នេះ​។

​ទី​២ ក៏​យើង​ស្នើសុំ​ដែរ ក្នុងការ​ស្វែងរក​កីឡាការិនី ក្នុង​សាល​បន្ថែមទៀត​។ សព្វថ្ងៃនេះ​កីឡាការិនី​របស់​យើង គឺ​នៅមានកម្រិត​ទាប​ខ្លាំង​ដែល​យើង​ពិបាក​ប្រកួតប្រជែង ជាមួយ​បណ្ដា​ប្រទេសជិតខាង​។ ហើយ​យើង​អត់​មាន​ប្រវត្តិ​បង្កើត​ក្រុម​ជម្រើសជាតិ​កម្ពុជា វិញ្ញាសា​នារី​នេះ ធ្វើការ​ប្រកួតប្រជែង ជាមួយនឹង​បរទេស​ដែរ​។​ ​ហេតុនេះហើយ បានជា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​របស់​យើង ទីបំផុត យើង​បាន​បង្កើត​ក្រុម​នារី ដោយ​ជ្រើសរើស​បាន ១៤ នាក់ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ និយាយ​ដោយស្មោះ​ត្រង់ គុណ​ផល​របស់​យើង គឺ​នៅមានកម្រិត​ទាប​បំផុត ដោយសារ​ការប្រកួតប្រជែង វិញ្ញាសា​បាល់ទះ​នារី​របស់​យើង គឺ​មិន​សម្បូរបែប ខុសពី​បុរស​។

ដូច្នេះ​ទើប​សហព័ន្ធ ទាមទារ​ឲ្យ​ជនរួមជាតិ​របស់​យើង ដែលជា​ជនជាតិខ្មែរ និង​បណ្ដា​ប្រទេស នៅលើ​ពិភពលោក ដែល​គាត់​មានគុណ​ផល​ល្អ មាន​ទេពកោសល្យ​ល្អ ហើយ​ជា​អត្ត​ព​លិ​ក​ តំណាង​សាកលវិទ្យា​ល័យ វិទ្យាល័យ នៅ​ស្រុក​គេ ដែល​គាត់​ធ្វើការ​ប្រកួតប្រជែង​បាន​ច្រើន គាត់​អាចមក​ចូលរួម ហើយ​សហព័ន្ធ ស្វាគមន៍ និង​ច្របាច់​បញ្ចូល​គ្នា រវាង​ជនជាតិខ្មែរ នៅតាម​បណ្ដា​ប្រទេស មក​ចូលរួម​ជាមួយនឹង​កីឡាការិនី ដែល​យើង​ទើបតែ​រើស​បាន ១៤ នាក់​។

​លោក​អគ្គលេខាធិការ បាន​សម្ដែង​ក្ដី​ជឿជាក់ថាៈ​ការ​ផ្គុំ​ចូលគ្នា​នេះ នឹង​នាំមក​នូវ​លទ្ធផល​ល្អ​ជាង​នេះ បន្ថែមទៀត​ផងដែរ ជាពិសេស​អាចធ្វើ​ការប្រកួត មាន​ភាព​រំភើប ក្នុងការ​ទស្សនា​។ បាល់ទះ​នារី​កម្ពុ​ជាថ្មីៗ​នេះ ទើបតែ​សម្រេច​ជ្រើសរើស​បាន​កីឡាការិនី សម្រាប់​ការប្រកួត​បាល់ទះ​នារី លើកដំបូង​ក្នុង​ស៊ី​ហ្គេម នៅ​កម្ពុជា និង​បាន​បញ្ជូន​កីឡាការិនី ចំនួន ១៤​នាក់ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន រយៈពេល ៦​ខែ​។

​សូមបញ្ជាក់ថា ប្រភេទ​កីឡាបាល់ទះ សម្រាប់​វិញ្ញាសា​នារី ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម តាំងពី​ឆ្នាំ​១៩៧៧ មក ប៉ុន្តែ​កម្ពុជា ពុំ​ដែលមាន​ក្រុម​បាល់ទះ​នារី ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះឡើយ​។ សម្រាប់​ឆ្នាំ​២០២៣ គឺជា​លើកដំបូង ដែល​បាល់ទះ​នារី​កម្ពុជា បង្ហាញខ្លួន​នៅ​ស៊ី​ហ្គេម​៕/V​