​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ បន្ទាប់ពី​ចាប់ខ្លួន​មិនទាន់បាន​មួយថ្ងៃ ស្រួលបួល​ផង លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ដែល​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត លើ​ស្ត្រី​ម្នាក់ ជេរប្រមាថ និង​ហិង្សា​ដោយ​ចេតនា កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ត្រូវបាន​តុលាការ ខេត្តកំពង់ចាម សម្រេច​ដោះលែង កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ នេះ​។

​លោក សោម សមស័ក្តិ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​នៅ​ផ្លូវ ១១៨ ភូមិ​ទី​៩ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់ តុលាការខេត្ត​កំពង់ចាម​។​

​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថាៈ សំណុំរឿង​ប៉ុនប៉ង​មនុស្សឃាត​នេះ កើតឡើង នៅ​ខេត្តសៀមរាប ប៉ុន្តែ​ត្រូវបាន​ផ្ទេរ​សមត្ថកិច្ច ទៅ​ឲ្យ​តុលាការខេត្ត​កំពង់ចាម ក្នុងការ​អនុវត្ត​ដីកាចាប់ខ្លួន លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​មនុស្សឃាត​។ ការផ្ទេរ​សមត្ថកិច្ច​នេះ ដោយសារតែ​ខ្លាច​មាន​គំនាប ឬ​ការអន្តរាគមន៍​ណាមួយ ក្នុង​រឿងនេះ​។​

​លោក ធី បរិ​ញ្ញា អ្នកនាំពាក្យ​សាលាដំបូង ខេត្តកំពង់ចាម បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា​នេះ​ថាៈ “ លោក​សោម សមស័ក្តិ ត្រូវបាន​តុលាការ​ដាក់​ឲ្យ ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​។ ការនាំ​ខ្លួន​មក​សួរចម្លើយ មិន​ប្រាកដថា ត្រូវបាន​ការឃុំខ្លួន​ទេ ដោយសារ​គាត់ អត់​ចូល​តាម​ដីកាកោះ អីចឹង​បានចេញ​ដីកា​បង្គាប់ ឲ្យ​នាំខ្លួន​គាត់ មក​សាកសួរ​ចម្លើយ​។ ហើយ​នីតិវិធី នៅ​តុលាការ នៅតែ​បន្ត​នីតិវិធី​ទេ មិនទាន់​បិទ​នីតិវិធី​ឯណា​!”​។​

​គួរ​បញ្ជាក់ថា តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចោទប្រកាន់ លោក សោម សមស័ក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត លើ​ស្ត្រី​ម្នាក់ នឹង​បាន​បញ្ជូន​សំណុំរឿង ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។ ការសម្រេច​ចោទប្រកាន់ បានធ្វើ​ឡើង បន្ទាប់ពី​លោក សោម សមស័ក្តិ មិនបាន​ចូលខ្លួន ឆ្លើយបំភ្លឺ​ចំនួន​ពីរ ដោយបាន​ពន្យារពេល​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ តុលាការ​នៅតែ​បន្ត​នីតិវិធី​របស់ខ្លួន​។​

​ទាក់ទង​ករណីនេះ ស្ត្រី​រងគ្រោះ​ឈ្មោះ ផាត់ សុ​ជឿន បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក សោម សមសក្តិ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ទៅ​សាលាដំបូង ខេត្តសៀមរាប ពីបទ​ជេរប្រមាថ ជា​សាធារណ​: បទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្សឃាត តាមរយៈ​បើករថយន្ត​ម៉ាក range rover discovery ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ង​បំ​បុក នៅ​ចំណុច​ផ្សារ អាស៊ី កាលពី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​តំណាង​អយ្យការ អម​សាលាដំបូង ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​លោក សោម សមសក្តិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​តុលាការ ចំនួន ២ ដង រួចមកហើយ តែ​លោក សោម សមសក្តិ មិនបាន​ចូលទៅ​តាម​ដីកា​ទេ ដោយ​ដាក់​ពាក្យសុំ​ពន្យារ ។​

​ស្ត្រី​រងគ្រោះ បាន​អះអាងថាៈ នៅ​មុនពេល​កើតហេតុ ពួកគាត់​មាន​គ្នា ៨ ទៅ ៩ នាក់ ញាំ​អាហារ​នៅ​ផ្សារ​ទំនើប​អាស៊ី ត្រង់ចំណុច​ក្រោយ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប​។ លុះ​ពេល​ចេញមក ដល់​ខាងមុខ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័​ក្ត ដែលជា​ជនដៃដល់ បាន​វាយ​សង្កត់​ក្បាល​លោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម ដែល​រួម​ដំណើរ​ជាមួយ​គាត់ (​ស្ត្រី​រងគ្រោះ​) ជាច្រើន​ដង​។
​ខណ​:​នោះ រូបគាត់ (​ជនរងគ្រោះ​) បាន​និយាយថាៈ មេច​ក៏​វាយ​ក្បាល​គាត់​ចឹ​ង គាត់​ចាស់​ជាង វាយ​របៀប​ហ្នឹង មិន​សម​ទេ​។ ភ្លាមនោះ ជនដៃដល់ បាន​ជេរប្រមាថ ទៅលើ​រូបគាត់ ហើយ​វាយ​មកលើ​ផ្ទៃមុខ ផ្នែក​ក្បាល​របស់គាត់ ១​ដៃ និង​បន្ត​ជេរប្រមាថ រហូត​ផ្អើល​ដល់​សមត្ថកិច្ច មកជួយ​អន្តរាគមន៍​។​

​ស្ត្រី​រងគ្រោះ បាន​បន្តថាៈ ពេល​ក្រុម​សមត្ថកិច្ច មកដល់​កន្លែងកើតហេតុ ជនដៃដល់ បាន​បើករថយន្ត​ម៉ាក range rover discovery ពាក់​ស្លាក​លេខ​ភ្នំពេញ 2BU-០០០៩ ចេញ​មួយសន្ទុះ ហើយ​បើក​ត្រឡប់មក​បំ​បុក​រូបគាត់ បំណង​សម្លាប់​។ ប៉ុន្តែ​សំណាង ដោយសា​ម៉ូតូ​របស់​ប៉ូលិស នៅ​បាំង​ពីមុខ ទើប​បុក​ត្រូវ​ម៉ូតូ​របស់​ប៉ូលិស បណ្តាលឱ្យ​ដួល​ខ្ទេច ហើយ​ដួល​សង្កត់​ជើង​របស់គាត់ បណ្តាលឱ្យ​រងរបួស​ស្រាល ទើប​ជនបង្ក​បើករថយន្ត​គេចខ្លួន​តែម្តង​។​

​ស្ត្រី​រងគ្រោះ បានបញ្ជាក់​ថាៈ រវាង​រូបគាត់ និង​ជនបង្ក ពុំដែល​ស្គាល់គ្នា​សោះឡើយ ប៉ុន្តែ​ជន​រូបនេះ បែរជា​មក​ប៉ុនប៉ង​ធ្វើឃាត លើ​រូបគាត់​ទៅវិញ អីចឹង​ហើយ ទើប​សម្រេច ដាក់ពាក្យ​បណ្តឹង ដើម្បី​ស្វែងរក​យុត្តិធម៌​។ ចំណែក​ពាក្យបណ្តឹង ដែល​ប្តឹង​នៅ​ដំណាក់ កាល​ប៉ូលិស រូបគាត់​មិនទាន់​ទាមទារ​សំណង​ទេ គឺ​សុំ​អោយតែ​អនុវត្ត​ទៅតាម​ច្បាប់​៕/V​