​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​ជំនួប​កំពូល​COP27​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​នា​ថ្ងៃ​១១​វិច្ឆិកា ដោយ​នៅ​ទីនោះ​លោក​នឹង​អំពាវនាវ​អោយ​ពិភពលោក​ចាត់វិធានកា​រ​«​នៅក្នុង​ទសវត្សរ៍​ដ៏​ម៉ឺងម៉ាត់​នេះ​» នេះ​បើ​តាម​ការប្រកាស​របស់​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​។​

​សេត​វិមាន​បាន​បន្ថែមថា លោកបៃ​ដិន​បន្ទាប់មក​នឹង​ធ្វើដំណើ​រ​មកកាន់​កម្ពុ​ជា​ចាប់ពី​ថ្ងៃ​១២​ដល់​១៣​វិច្ឆិកា​ដើម្បី​ចូលរួម​ជំនួប​កំពូល​ប្រចាំឆ្នាំ​អាម៉េរិក​-​អាស៊ាន​និង​ជំនួប​កំពូល​អាស៊ី​ខាងកើត​។​បន្ទាប់​​ទៅ​ប្រធានាធិបតី​អាម៉េរិក​នឹង​ធ្វើដំណើរ​ទៅកាន់​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​១៣​ដល់​១៦​វិច្ឆិកា​ដើម្បី​ចូលរួម​ជំនួប​កំពូល​មួយ​របស់​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ម្ភៃ​ហៅថា​G-20​។​

​លេខា​ព័ត៌មាន​សេត​វិមាន​លោកស្រី ការី​ន ហ្ស​ន់​-​ព្យែរ​( Karine Jean-Pierre)​បាន​និយាយថា​លោកបៃ​ដិ​ននឹង​ប្រើប្រាស់​វេទិកា​COP27​ដើម្បី​«​ពង្រឹង​ការងារ​ដ៏​សំខាន់​ដែល​សហរដ្ឋ​អាម៉េរិក​បានធ្វើ​​ដើម្បី​ជំរុញ​ការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​និង​ជួយ​ជន​ងាយ​រងគ្រោះ​បំផុត​ស្ថាបនា​ភាព​ធន់​នឹង​ផលប៉ះពាល់​អាកាសធាតុ​»​។​

​លោកស្រី​បាន​បន្ថែមថា នៅ​កម្ពុជា លោកបៃ​ដិ​ននឹង​បញ្ជាក់​អះអាង​ឡើងវិញ​ការប្តេជ្ញា​ចិត្ត​មិន​ងាករេ​របស់​អាម៉េរិក​ចំពោះ​អាស៊ីអាគ្នេយ៍ ដោយ​បញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អាម៉េរិ​ក​-​អាស៊ាន​នៅក្នុង​ការធានា​សន្តិសុខ​និង​វិបុលភាព​នៅក្នុង​តំបន់​។​

​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី លោកបៃ​ដិ​ននឹង​ធ្វើការ​ជាមួយ​ដៃ​គូ​G-20​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សំខាន់ៗ ដូចជា​ការប្រែប្រួល​អាកាសធាតុ ផលប៉ះពាល់​សកល​បណ្តា​ល​មក​ពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​​អ៊ុ​យក្រែន រួម​មាន​សន្តិសុខ​ថាមពល​និង​ស្បៀង និង​ភាព​អាច​រក​វា​បាន រួម​ទាំង​អាទិភាព​មួយចំនួន​ទៀត​រហូតដល់​បញ្ហា​រើប​រើ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សកល​។​

​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស ក៏​នឹង​មកកាន់​អាស៊ី​និង​ទៅ​កាន់​អាហ្វ្រិក​ខាងជើង​បន្ទាប់​ពី​ដំណើរ​របស់​បៃ​ដិន​។​បើ​តាម​សេត​វិមាន លោកស្រី​ហារី​សនឹង​មកកាន់​ទៅ​ក្រុង​បាងកក​​ប្រទេស​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​APEC​ចាប់ពី​ថ្ងៃ​១៨​ដល់​១៩​វិច្ឆិកា ដោយ​វា​បញ្ជាក់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ចំពោះ​កិច្ចសហការ​សេដ្ឋកិ​ច្ច​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​៕

​លោក ចូ បៃ​ដិន នឹង​ធ្វើដំណើរ​មក​កាន់​កម្ពុជា​ចាប់ពី​ថ្ងៃ​១២​ដល់​១៣​វិច្ឆិកា​ដើម្បី​ចូលរួម​ជំនួប​កំពូល​ប្រចាំឆ្នាំ​អាម៉េរិក​-​អាស៊ាន​និង​ជំនួប​កំពូល​អាស៊ី​ខាងកើត​