​ដោយៈ បាយ័ន / សៀមរាបៈ បើតាម​ប្រភពពី​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ឱ្យដឹងថា ចម្លាក់​តោ ចំនួន​២ មាន​ទម្ងន់​ប្រមាណ​ជាង ៣ តោន កម្ពស់​ជាង ២ ម៉ែត្រ ដែល​យក​ពី កំពង់ទឹក​របស់​ស្ពាន​ហាល ផ្នែក​ខាងជើង នៃ​ស្ពាន​ហាល ចូល​ប្រាសាទអង្គរវត្ត តាំងពី​ឆ្នាំ ១៩៩៧ យកមក​រក្សាទុក នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ កំពុង​ត្រូវបាន​ជួសជុល​ពង្រឹង​ឡើងវិញ បាន​ប្រមាណ ៩៥ ភាគរយ​ហើយ ដោយ​ក្រុម​អភិរក្ស​ថ្ម​របស់ អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្រោយពី​បញ្ចប់​ការងារ​ជួសជុល​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា ត្រៀម​នឹង​យក​ចម្លាក់​តោ ទាំង​គូ ទៅ​ដាក់​ទីតាំង​ដើម​ឡើងវិញ នៅ​កំពង់ទឹក ផ្នែក​ខាងជើង នៃ​ស្ពាន​ហាល មុខ​ប្រាសាទអង្គរវត្ត នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ ក្រោយពី​ឃ្លាត​ចាក​ឆ្ងាយ ពី​ទីតាំង​ដើម​ប្រមាណ ២៥ ឆ្នាំ រក្សាបាន​នូវ​ទម្រង់​ដើម លើក​តម្លៃ និង​បង្កើន សោភ័ណភាព កំពង់ទឹក​ស្ពាន​ហាល​របស់ ប្រាសាទ​អង្គរ​ឡើងវិញ ក្រោយពី​ទីតាំង ស្ពាន​ហាល​នេះ ជិត​បញ្ចប់​ការជួសជុល​។​

​លោក ឡុង ណា​រី ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា បាន​មានប្រសាសន៍ថាៈ ក្រុមការងារ​របស់លោក ចាប់ផ្តើម​ជួសជុល ចម្លាក់​ទាំងនេះ ពី​ខែមេសា ឆ្នាំ​២០២២ រហូតដល់​ពេលនេះ រយៈពេល ៦ ខែ​។ ដំបូង ក្រុមការងារ បានរៀបចំ​ធ្វើឯកសារ និង​ប្រមូល​បំណែក​តូចធំ របស់​ចម្លាក់​ដើម​មក​ផ្គុំ​គ្នា​។ មកដល់ពេលនេះ ចម្លាក់​តោ​ទាំង​គូ មាន​ភាពរឹងមាំ​ឡើងវិញ​ហើយ ដោយបាន​បំពេញ​នូវ កន្លែង​ខូចខាត នឹង​បាន​បង់​ថ្ម មួយចំនួន ដូចជា ជើង​ទម្រ ជើង ដងខ្លួន និង​ផ្នែក​ផ្សេងៗ របស់​តោ ដែល​ចាំបាច់​សម្រាប់​ធានា ភាព​យូរអង្វែង​របស់​តោ ជៀស​វ​វាង​ការខូចខាត បន្តទៀត​។​

​លោក ណា​រី បានលើកឡើង​ថាៈ ចម្លាក់​តោ​ថ្ម​នេះ មុន​ការជួសជុល​មាន​សភាព ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​អន្លើរ នៅ​ផ្នែក​ជើង​ទម្រ ជើង ទ្រូង និង​ផ្នែក​ខាងក្រោយ ជាដើម​។ នៅ​សម័យ​បារាំង ចម្លាក់​តោ​នេះ ត្រូវបាន​ជួសជុល ដោយ​ប្រើ​ស៊ីម៉ង់ត៍ និង​ដែក​បិទ​ភ្ជាប់ ដើម្បី​ឱ្យមាន​លំនឹង អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក វា​ក៏បាន​បែកបាក់ ជា​បន្តបន្ទាប់ តាម​អាយុកាល​ស៊ីម៉ងត៍​។​

​លោក​បាន​បញ្ជាក់ថាៈ ក្នុងការ​ជួសជុល ក្រុមការងារ ក៏បាន​ប្រើ​បច្ចេកទេស ជួសជុល សមស្រប ទៅតាម​បទដ្ឋាន ដែល​អាច​ធានាបាន នូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព យូរអង្វែង​នៃ​ចម្លាក់​។ រីឯ​បច្ចេកទេស និង​ការជួសជុល​ក៏ ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកជំនាញការ អាដហុក​៕/V​