ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​តុលា​បាន​ជំរុញ​ឱ្យ​ភាគី​នៃ​កិច្ចព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អ​.​ស​.​ប​ដែល​បានអនុញ្ញាត​ឱ្យ​មាន​ការ​ចាប់ផ្តើម​​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែន​ឡើងវិញ​នោះ ឱ្យ​បន្ត​កិច្ចព្រមព្រៀង​ហួស​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ដោយ​និយាយថា​វា​ចាំបាច់​ដើម្បី​រួមចំណែក​ដល់​សន្តិសុខ​ស្បៀង​ពិភពលោក​។​

​អ​.​ស​.​ប​ក៏បាន​អំពាវនាវ​ឱ្យមាន​ការអនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដើម្បី​ធានា​ថា​គ្រាប់​ធញ្ញជាតិ​និង​ជី​ពី​ប្រទេស​រុស្ស៊ី​ក៏​ឈាន​ដល់​ទីផ្សារ​ពិភពលោក​ផងដែរ​។​

​អ្នកនាំពាក្យ​អ​.​ស​.​ប លោក សេ​ហ្វេ​ន ឌួ​ចារិក (Stephane Dujarric) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​យើង​គូសបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការ​ធ្វើ​ដូច្នេះ​ដើម្បី​រួមចំណែក​ដល់​សន្តិសុខ​​ស្បៀង​នៅ​ទូទាំង​ពិភពលោក និង​ដើម្បី​ទប់ទល់​ផលប៉ះពាល់​របស់​វិបត្តិ​ដែល​បង្កើន​ថ្លៃ​ចំណាយ​នៃ​ការរស់នៅ​ជា​សកល ដែល​កំពុង​ប៉ះពាល់​ដល់​មនុស្ស​រាប់ពាន់​លាន​នាក់​”​។​

​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ថ្ងៃទី ២២ ខែកក្កដា អ៊ុយ​ក្រែន​អាច​ចាប់ផ្តើម​ការនាំចេ​ញ​គ្រាប់​ធញ្ញជាតិ​និង​ជី​តាម​សមុទ្រ​ខ្មៅ​របស់​ខ្លួន​ឡើងវិញ​ដែល​បាន​ជាប់គាំង​នៅពេល​រុស្ស៊ី​ឈ្លានពាន​ប្រទេសជិតខាង​​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។ កិច្ចព្រមព្រៀង​នាំ​ចេញ​របស់​អ៊ុយ​ក្រែន​ពី​ដំបូង​ត្រូវបាន​ព្រមព្រៀង​រយៈពេល ១២០ ថ្ងៃ​។​

​អ​.​ស​.​ប​កំពុង​ធ្វើការ​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​រហូតដល់​មួយ​ឆ្នាំ​និង​ធ្វើឱ្យ​រលូន​ដល់​ការត្រួតពិនិត្យ​រួមគ្នា​នៃ​នា​វាពី​សំណាក់​មន្ត្រី​អ​.​ស​.​ប តួ​ក​គី រុស្ស៊ី និង​អ៊ុ​យក្រែន​។ ថ្មីៗ​នេះ​អ​.​ស​.​ប​បាន​ព្រមាន​ថា​មានការ​​ជាប់គាំង​នាវា​ជាង ១៥០ គ្រឿង​។​

​រុស្ស៊ី​បាន​រិះគន់​កិច្ចព្រមព្រៀង​នេះ ដោយ​បាន​ត្អូញត្អែរថា ការនាំចេញ​របស់​ខ្លួន​នៅតែ​ត្រូវបាន​រារាំង​ហើយ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​កំពុង​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ដែល​ត្រូវការ​ចាំបាច់​មិនទាន់បាន​​មិន​គ្រប់គ្រាន់​ទេ​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​នឹង​ជំទាស់​ការពង្រី​កកិច្ចព្រមព្រៀ​ង​ស្តីពី​ការនាំចេញ​របស់​អ៊ុយ​ក្រែន​ហួស​ពី​ខែ​វិច្ឆិកា​៕

​នាវា​កំពុង​ដឹក​គ្រាប់​ធញ្ញជាតិ​និង​ជី​តាម​សមុទ្រ​ខ្មៅ