ដោយៈ តារា​រិ​ទ្ធ / កំពង់ធំៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ច្បាស់​ថាៈ សម្តេច​នឹង​ជួប​លោក វ៉ា្ល​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី អ៊ុយ​ក្រែ​ន តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ២០២២ នេះ ។ សម្តេច​តេ​ជោ បានបញ្ជាក់​ថាៈ បញ្ហា​ពេលវេលា ខ្ញុំ​ទុកឱ្យ​គាត់ (Zelenskyy ) រើស​ដោយសារ​យើង ជាមួយ​អ៊ុយ​ក្រែ​ន គឺ​ម៉ោង​ខុសគ្នា​រហូត ដល់ ៤ ម៉ោង អីចឹង ខ្ញុំ​ថា​ជួប​ម៉ោង ៣ ឬ​ម៉ោង ៤ ល្ងាច ព្រោះ​បើ​ម៉ោង ៤​ល្ងាច នៅ​យើង គឺ​ត្រូវ​នឹង​ម៉ោង ១២ ថ្ងៃត្រង់ នៅ​អ៊ុយ​ក្រែ​ន​, បើ​យើង​ម៉ោង ៣ ល្ងាច ត្រូវ​ម៉ោង ១១ នៅ​ទីនោះ ដូច្នេះ​យើង​អាច​ជួប​ពិភាក្សាគ្នា​បាន​។​

​សម្តេច​តេ​ជោ បាន​បន្តថាៈ ដោយសារ​ឆ្នាំនេះ កម្ពុជា ជា​ប្រធាន​អាស៊ាន ដូច្នេះ អ៊ុយ​ក្រែ​ន ក៏បាន​ស្នើ​ឱ្យមាន​ទំនាក់ទំនង ហើយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន និង អេ​ស្ប៉ា​ញ អាចមក​ចុះ​កិច្ចព្រមព្រៀង ជាមួយ​អាស៊ាន ជា​មិត្តភាព នៃ​កិច្ចសហប្រតិបត្តិការ អាស៊ីអាគ្នេយ៍​។​

​សម្តេច​តេ​ជោ ក៏បាន​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន មក​ចូលរួម កិច្ចប្រជុំ​អាស៊ាន នៅ​រាជធានី​ភ្នំពេញ​ផងដែរ តែ​មិនទាន់មាន​ការឆ្លើយតប​នៅឡើយ​។​

​សម្តេច​បាន​បញ្ជាក់ថាៈ ការងារ​ទាក់ទង​នឹង​កិច្ចប្រជុំ​អាស៊ាន ក្នុងឋានៈ​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បូក​ជាមួយនឹង ការចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​ទាំង ២០ (G20) នៅ​ឥណ្ឌូណេស៊ី និង ការចូលរួម​កិច្ចប្រជុំ​កំពូល សហប្រតិបត្តិការ សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ថៃ នាពេលខាងមុខ ត្រូវបាន​ដោះស្រាយ ១ ភាគ​ធំ ៕/V​