​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​តុលា​ថា ខ្លួន​បាន​បញ្ចប់​កំណែន​ទាហាន​បម្រុង​ដើម្បី​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ក្រោយ​រើស​បាន​ទាហាន​ថ្មី​រាប់​ម៉ឺន​នាក់​ក្នុង​រយៈ​​ពេល​មួយ​ខែ ហើយ​បាន​បញ្ជូន​ពួក​គេ​ជាង​មួយ​ភាគ​បួន​រួចហើយ​ទៅកាន់​សមរភូមិ បន្ទាប់​ពី​យុទ្ធនាការ​កេណ្ឌ​ទ័ព​ដ៏​ចម្រូងចម្រាស​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​

​ទន្ទឹមនឹងនេះ សហរដ្ឋ​អាម៉េរិក​បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​ជំនួយ​យោធា​ចំនួន ២៧៥ លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុ​យក្រែន រួម​ទាំង​កាំភ្លើង គ្រាប់ និង​ឧបករណ៍​យោធា​ចេញពី​ស្តុក​របស់​មន្ទីរ​បញ្ច​កោ​ណ ដោយ​នាំ​ឱ្យ​ជំនួយ​យោធា​របស់​អាម៉េរិក​ទៅកាន់​ប្រទេស​នេះ​នៅ​ក្រោម​ការគ្រប់គ្រង​រប​ស់​លោកបៃ​ដិន​កើន​ដល់​ទៅ​ជាង ១៨,៥ ពាន់​លាន​ដុល្លារ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើការ​ដើម្បី​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​សមត្ថភាព​ការពា​រ​ដែនអាកាស​ដែល​ខ្លួន​ត្រូវការ​ដោយ​ប្រព័ន្ធ​មី​​ស៊ី​ល​ប្រឆាំង​យន្តហោះ​ដ៏​ទំនើប NASAMS ចំនួន​ពីរ​បាន​ត្រៀម​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​នេះ​នៅ​ខែ​ក្រោយ​។​

​លោក​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ក៏​កំពុង​ធ្វើការ​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​នានា​ដើម្បី​ជំរុញ​ឱ្យ​មាន​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ពួកគេ​ទៅកាន់​អ៊ុ​យក្រែន​ផងដែរ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា លោក​សង្ស័យថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​កេនទាហាន​រួចរា​ល់​អស់ហើយ​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ពេលយប់​របស់គាត់ លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា កងកម្លាំង​រុស្ស៊ី “​បាន​ត្រៀម​លក្ខណៈ​និង​បំពាក់អាវុធ​យ៉ាង​អន់​ហើយ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ឃោរឃៅ​ដោយ​ទី​​បញ្ជាការ​របស់​ពួកគេ ដូច្នេះ​វា​អនុញ្ញាត​ឱ្យ​យើង​សន្មត​ថា ឆាប់ៗ​នេះ​រុស្ស៊ី​អាច​នឹង​ត្រូវការ​រលក​ថ្មី​នៃ​ចំនួន​មនុស្ស​ដើម្បី​បញ្ជូន​ទៅ​ធ្វើ​សង្គ្រាម​”​។​

​ការជំរុញ​កេណ្ឌ​ទ័ព​ដ៏​ចម្រូងចម្រាស​នេះ​បាន​នាំឱ្យ​បុរស​រាប់​ម៉ឺន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ជា​សាធារណៈ​លើកដំបូង​ប្រឆាំងនឹង​សង្គ្រាម​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) បាន​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​កិច្ចប្រជុំ​ផ្សាយ​តាម​ទូរទស្សន៍​នៅ​វិមាន​ក្រឹម​ឡាំង​ថា​”​ភារកិច្ច​ដែល​ដាក់ចេញ​​ដោយ​លោក (​ក្នុងការ​កេណ្ឌ​) មនុស្ស​ចំនួន ៣០០.០០០ នាក់​គឺ​ធ្វើ​រួចរាល់​ហើយ​។ គ្មាន​វិធានការ​បន្ថែមទៀត​ត្រូវបាន​គ្រោងទុក​ទេ​”​។ លោក​បាន​និយាយថា ទាហាន​ថ្មី ៨២.០០០​នាក់​ត្រូវបាន​បញ្ជូន​​ទៅ​តំបន់​ប្រយុទ្ធ​រួចហើយ ហើយ​នៅសល់​ប៉ុន្មាន​ទៀត​កំពុង​ហ្វឹកហាត់​។​

​លោកពូ​ទីន​បាន​ថ្លែងអំណរគុណ​ដល់​ទាហាន​បម្រុង “​សម្រាប់​ការលះបង់​របស់​ពួកគេ​ចំពោះ​កាតព្វកិច្ច​យោធា សម្រាប់​ការ​ស្នេហា​ជាតិ​របស់​ពួកគេ​សម្រាប់​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ពួកគេ​​ដើម្បី​ការពារ​ប្រទេស​របស់​យើង ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី ដែល​មានន័យថា​ជា​ផ្ទះ​របស់​ពួកគេ គ្រួសារ​របស់​ពួកគេ ប្រជាពលរដ្ឋ​របស់​យើង ប្រជាជន​របស់​យើង​”៕

រុស្ស៊ី​កេណ្ឌ​ទ័ព​ថ្មី​៣០​ម៉ឺន​នាក់​រួចរាល់ និង​បាន​បញ្ជូន​ពួកគេ​មួយ​ភាគ​បី​ទៅ​កាន់​សមរភូមិ​រួចហើយ​