ដោយៈម៉េងឆៃ/ភ្នំពេញ៖លោកកើតរិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាព​ការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី៦ របស់ អ.អ.ផ.។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកនៃ អ.អ.ផ.ដែលសុទ្ធសឹងជាឥស្សរជនជាន់ខ្ពស់ មកពីក្រសួង​-ស្ថាប័ននានាពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ។

ប្រភពក្រសួងយុត្តិធម៌បានបញ្ជាក់ថាកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី២៨ខែតុលា។អង្គប្រជុំបានធ្វើការវាយតម្លៃសភាពការណ៍រួមនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្រោយមហា សន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF)បានសម្រេចឱ្យ មានការចុះធ្វើ On-site Visitនៅកម្ពុជាបន្ទាប់ពីកម្ពុជាបានអនុវត្តពេញលេញនូវសកម្មភាពដែលFATFបានកំណត់។ទន្ទឹម
នេះអង្គប្រជុំក៏បានសម្រួចទិសដៅការងារបន្តដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះ On-site Visit នៅកម្ពុជា នាពេលខាងមុខនេះ។

ប្រភពដដែលបន្តថាក្នុងកិច្ចប្រជុំនេះដែរលោករដ្ឋមន្រ្តីនិងជាប្រធានអ.អ.ផ.បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់អំពីលទ្ធផលនៃការអនុវត្តការងាររបស់ក្រសួង-ស្ថាប័នក៏ដូចជាក្រុមការងារនិងយន្តការដែលពាក់ព័ន្ធទាំងអស់រហូតកម្ពុជាទទួលបាននូវលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ដូចពេលនេះ។លោករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង-ស្ថាប័ន ក៏ដូចជា ក្រុមការងារនិងយន្តការដែលពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមការងារស្នូលត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា៕សរន