​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ព្យុះ​ត្រូពិច​ឈ្មោះ​ណាល់​ហ្គេ​(Nalgae)​បាន​វាយប្រហារ​ហ្វីលីពីន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់​សម្លាប់​មនុស្ស​យ៉ាង​តិច​៧២​នាក់​។​

Nalgae បាន​វាយប្រហារ​កោះធំ​លូ​ហ្សុន​( Luzon)​របស់​ហ្វីលីពីន​ជាមួយនឹង​កំលាំង​ខ្យល់​៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្រោយ​ពី​វា​ចូល​ដល់​កោះ​កាតា​ន់​ឌូ​អានស៍​(Catanduanes)​មុន​ព្រឹម​ព្រលឹម​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ហ្វីលីពីន​ខាងត្បូង ដោយ​វា​បាន​ពន្លិច​តំបន់​ជន់​បទ​ជាច្រើន​នៅលើ​កោះ​មីន​ដា​ណាវ​(Mindanao)​។​ការបា​ក់ដី​​និង​ទឹកជំនន់​បាន​កើត​មាន​តាម​ក្រោយ ដោយ​ទឹក​ហូរ​យ៉ាង​គំហ៊ុក​ជាមួយនឹង​កំទេចកំទី​បាន​បក់​នាំ​យក​មនុស្ស​ទាំង​គ្រួសារ​នៅក្នុង​តំបន់​ខ្លះ​។​

​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ចំនួន​មនុស្ស​ស្លាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​បង្កឡើង​ដោយ​ព្យុះ​ណាល់​ហ្គេ​កើន​ដល់​៧២​នាក់ នេះ​បើ​តាម​លោក រ៉ា​ហ្វា​អែ​លី​តូ អាឡេ​ហ្សា​ន់​ដ្រូ​(Rafaelito Alejandro)​នាយក​ផ្នែក​​ការពារ​ស៊ីវិល​ជាតិ​។​លោក​បាន​បន្ថែមថា មនុស្ស​កំពុង​បាត់​ខ្លួន​យ៉ាង​តិច​១៤​នាក់​។​

​ឥឡូវ​ពួក​អ្នក​ជួយ​សង្គ្រោះ​កំពុង​ផ្តោតលើ​ភូមិ​គូ​ស៊ី​អុង កន្លែង​ដែល​គេ​បាន​រកឃើញ​សាកសព​ជាច្រើន​កាលពី​ថ្ងៃ​សុក្រ​ក្រោយ​វា​រង​ការ​ជន់​លិច​។​

​សេវា​អាកាសធាតុ​ជាតិ​បាន​និយាយថា ព្យុះ​ណាល់​ហ្គេ​អាច​វាយប្រហារ​រដ្ឋធា​នីម៉ា​នី​ល​។​

​លោក អាឡេ​ហ្សា​ន់​ដ្រូ បាន​និយាយថា​«​ផ្អែក​លើ​ការប៉ាន់ស្មាន វា​ជា​ព្យុះ​ខ្លាំង​ពិត​មួយ ដែល​យើង​បាន​ត្រៀម​ទុក​ជាមុន​»​។​លោក​ថា អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​៥.០០០​នាក់​កំពុង​ត្រៀមខ្លួន​ជាស្រេច ហើយ​លោក​​បាន​អំពាវនាវ​អោយ​អ្នកស្រុក​ដែល​រស់​នៅ​ចំ​ផ្លូវ​ព្យុះ​បន្ត​នៅ​ក្នុងផ្ទះ​។​

​បើ​តាម​ការិយាល័យ​ការពារ​ស៊ីវិល មនុស្ស​ជាង​៧.០០០​នាក់​ត្រូវបាន​ជម្លៀស​នៅមុន​ព្យុះ​ចូលមក​ដល់​ដី​គោក ហើយ​ឆ្មាំ​ឆ្នេរ​ក៏បាន​ផ្អាក​សេវា​នាវា​ចម្លង​នៅ​ភាគច្រើន​ក្នុងប្រទេស​ហ្វីលីពីន​។​

​សូមបញ្ជាក់​ថា​ហ្វីលីពីន​រង​ការវាយប្រហារ​ពី​ព្យុះ​ប្រមាណ​ម្ភៃ និង​សម្លាប់​មនុស្ស​រាប់រយ​នាក់​ក្នុង​មួយឆ្នាំៗ​និង​បង្ក​ការបំផ្លាញ​ធំធេង​។​ពួក​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា​ព្យុះ​ដែល​សម្លាប់​សត្វពាហនៈ​និង​បំផ្លាញ​​ហេដ្ឋារចនាសម្ពន្ធ កាន់តែ​កើតមាន​ច្រើន​ឡើង​និង​កាន់តែ​មាន​កំលាំង​ខ្លាំង​ទៅៗ​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​របស់​ផែនដី ជាពិសេស​ទឹកសមុទ្រ​កាន់តែ​ក្តៅ​៕

​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ចំនួន​មនុស្ស​ស្លាប់​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​បង្កឡើង​ដោយ​ព្យុះ​ណាល់​ហ្គេ​កើន​ដល់​៧២​នាក់