​ដោយៈ ប​.​ខុន / ភ្នំពេញៈ ការធ្វើ​អាជីវកម្ម​នេសាទ​ត្រី តាម​គន្លង​ដាយ ជួល​ពី​រដ្ឋបាល ជលផល នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ អ្នកនេសាទ ចាប់ផ្តើម ចាប់បាន​ត្រី​ធំ ច្រើន​ប្រភេទ ជា​សញ្ញា​បង្ហាញថា ទិន្នផល​ត្រី ឆ្នាំនេះ អាច​នឹង​កើនឡើង តែ​នៅក្នុង​ខ្នើត ត្រូវ​ចាប់បាន​ត្រី​ធំ​នេះ អ្នកធ្វើអាជីវកម្ម មិនទាន់​ហ៊ាន​ទម្លាក់​ដាយ​ចូល​ទន្លេ ក្នុង​រយៈពេល​យូរ​នៅ ឡើយ​ទេ ព្រោះ​ខ្លាច​ដាច់​ដាយ ដោយសារ​ទឹក​នៅ​ហូរ​ខ្លាំង និង​មាន​សំរាម​ច្រើន​ផង​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២​ថាៈ នៅតាម​គន្លង​ដាយ ធ្វើ​អាជីវកម្ម​នេសាទ ដែល​គេ​បាន​ជួល​ពី រដ្ឋបាល​ជលផល​ពេលនេះ គេ​បានចាប់ផ្តើម​ទម្លាក់​មាត់​ដាយ​ចុះ ដើម្បី​ចាប់​ត្រី​ធំ នៅក្នុង​ខ្នើត​ខែ​ដំបូង នៃ​រដូវ​បើក​នេសាទ ឆ្នាំ​២០២២-២០២៣ ដោយ​ក្នុង​មួយថ្ងៃ អាច​រកបាន​ត្រី​ធំ​ពី ២០ ទៅ ៣០ គីឡូក្រាម ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ គន្លង​ដាយ​ខ្លះ គេ​មិនទាន់​ហ៊ាន​បើក មាត់​ដាយ​នៅឡើយ​ទេ ដោយសារ​ទឹក​ហូរ​ខ្លាំង និង​មាន​សំរាម​ច្រើន នាំឱ្យ​ដាច់​ដាយ មាន​ដាយ​ខ្លះ បាន​ដាច់​ពាក់កណ្តាល ដោយសារ​មមោក​ច្រើន ធ្វើឱ្យ​ស្ទះ​ទឹក ។ ដាយ​ត្រី នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មាន​ចំនួន ២២ គន្លង​ដាយ ឆ្នាំនេះ នៅមាន​ធ្វើ​អាជីវកម្ម ចំនួន ១៥ គន្លង​ដាយ និង ៧ គន្លង​ដាយ ត្រូវបាន​ទុក​ទំនេរ ចោល ដោយសារ​គ្មាន​អ្នក​ជួល​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ តាម​គន្លង​ដាយ ជួល​ពី​រដ្ឋបាល​ជលផល បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៩ ខែតុលា​ថាៈ ប្រជា​នេសាទ តាម​គន្លង​ដាយ បាននាំគ្នា​ទម្លាក់​ដាយ​ចូល​ទន្លេ​ហើយ ដោយ​ចាប់បាន​ត្រី​ធំ ក្នុង​មួយថ្ងៃ រកបាន​ប្រាក់ ចំណូល​ពី ៣០ ទៅ ៤០ ម៉ឺន​រៀល បើ​ទម្លាក់​ដាយ​ចុះ​ជាប់ អាច​ចាប់បាន​ត្រី​ច្រើនជាង​នេះ តែ​មិនទាន់​ទម្លាប់​ជាប់​ទេ ដោយសារ​ទឹក​ហូរ​ខ្លាំង មាន​មមោក និង​សំរាម​ច្រើន ធ្វើឱ្យ​ស្ទះ​ទឹក អាច​នាំឱ្យ​ដាច់​ដាយ ។​

​អ្នកនេសាទ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ត្រី​ចាប់បាន​នៅ​ដើម​ខ្នើត​នេះ មាន​ចំនួន​តិច តែ​លេខ​មុខ​ប្រភេទ​ត្រី​ល្អ និង​មាន​ទំហំ​ធំៗ ខុសពី​ឆ្នាំមុនៗ ដោយសារ កាលពីដើម​រដូវវស្សា ទឹក​ឡើង ទាន់ពេល​ត្រី​ពង​កូន និង​ទឹក​ជន់​ឡើង​បាន​ខ្ពស់ នៅ​បឹង​ទន្លេសាប​។ ម្យ៉ាងទៀត បទល្មើស​នៅ​បឹង​ទន្លេសាប កន្លងទៅនេះ ក៏មាន​មិន​ច្រើន ដែរ ចាប់តាំងពី​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ ចុះបង្ក្រាប​យ៉ាង​ក្តៅគគុក​ជាប្រចាំ នៅ​ជុំវិញ បឹង​ទន្លេសាប រួចមក នឹង​ធ្វើឱ្យ​ទិន្នផល​ត្រី ឆ្នាំនេះ គឺអាច​នឹង​កើន​ឡើងវិញ​។​

​តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញផ្សាយ ដោយ​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែតុលា បានបង្ហាញ​ឱ្យឃើញថាៈ នៅ​គ្រប់​ស្ថានីយ ជលសា​ស្ត្រ ទឹកទន្លេ បន្ត​ស្រក​ចុះ ដូចជា​នៅ​ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៥,៣៩ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ ខែតុលា ០,០៤ ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៣,៤៦ ម៉ែត្រ​ទាប ជាង​ថ្ងៃទី​២៨ តុលា ០,២៣ ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ៩,១៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,២០ ម៉ែត្រ នៅ​ចតុមុខ ទឹក​មាន​កម្ពស់ ៧,៦៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,១២ ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៥,៧២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,០៨ ម៉ែត្រ នៅ​កោះ​ខែល ទឹក​មាន​កម្ពស់ ៦,៧៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,០៨ ម៉ែត្រ នៅ​ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៧,៦៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,០៨ ម៉ែត្រ និង​នៅ​បឹង​ទន្លេសាប ក្រគរ​កំពង់​លួង ទឹក​មាន​កម្ពស់ ៧,៩៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៨ តុលា ០,០៣ ម៉ែត្រ​៕/V​