សម្ដេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​ប្រកាន់យក​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដូចនេះ មិនអាច​ឲ្យ​ប្រមាថ ចំពោះ​ព្រះមហាក្សត្រ ជាដាច់ខាត​

​ដោយៈ តារា​រិ​ទ្ធ / កំពង់ធំ ៖ ​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថាៈ ប្រទេស​កម្ពុជា ប្រកាន់យក​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ​មិនត្រូវ​បណ្ដែតបណ្ដោយ ឲ្យ​មាន​ប្រមាថ​ចំពោះ ព្រះ​ចេស្ដា​ព្រះមហាក្សត្រ ជាដាច់ខាត​។​

សម្តេច​តេ​ជោ ហ៊ុន ​សែន បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ចែក​ស្រូវពូជ និង ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ ខេត្តកំពង់ធំ ជិត ៧ ពាន់​គ្រួសារ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ នៅក្នុង​ប្រទេស​យើង ត្រូវតែមានរ​បៀ ប​របប​មួយ ឲ្យ​បាន​ច្បាស់​នៅក្នុង​ប្រទេសមួយ ដែលមាន​របប​រដ្ឋធម្មនុញ្ញ កំណត់ថា ជា​របបរាជានិយម អាស្រ័យ​ធម្មនុញ្ញ ហើយ​បែរជា​ប្រមាថ ព្រះមហាក្សត្រ នោះទេ ។
​សម្តេច​តេ​ជោ បានបញ្ជាក់​ថាៈ អ្នកណា​ក៏ដោយ គឺ​មិនអាច​ផ្សាភ្ជាប់​ជាមួយ​អាចោរ ក្បត់ជាតិ​នេះ​បានទេ ហើយ​នេះ សម្រាប់​ការ​ត្រិះរិះ​ពិចារណា សម្រាប់​អ្នកនយោបាយ ដទៃ ក្នុង​ការធ្វើសកម្មភាព​។​

​បើទោះបី​សម្តេច​តេ​ជោ មិន​បញ្ចេញ​ឈ្មោះ​ជន​ក្បត់ជាតិ​ថា ជា​នរណា ប៉ុន្ដែ​គេ​អាច​ស្គាល់ បាន​ថា ជន​ក្បត់ជាតិ ដែល​សម្ដេច ចង់​សំដៅលើ​នោះ​គឺ ទណ្ឌិត សម រង្ស៊ី ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ដ្រី បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ គណបក្ស​ភ្លើងទៀន ចេញមក​ថ្កោលទោស ទង្វើ​ទណ្ឌិត សម រង្ស៊ី ដោយ​កុំ​ខ្លាចរអា​រឿង​បក្ស ដកតំណែង នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថាៈ បក្ស​ភ្លើងទៀន មិនអាច​ដកតំណែង​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ មកពី​បក្ស​ភ្លើងទៀន បាន​នោះឡើយ បើ​គ្មាន​ការឯកភាព​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទេនោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា គណបក្ស​ភ្លើងទៀន ដែល​បានបញ្ជាក់​ជំហរ យ៉ាងច្បាស់ ក្នុងការ​ថ្កោលទោស ទៅលើ​ទង្វើ​ក្បត់ជាតិ ហើយ​សម្ដេច បាន​អះអាងថា ជំហរ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក គណបក្ស​ភ្លើងទៀន បែបនេះ ទើប​អាច​រួមរស់ និង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល ព្រោះ​បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​ជាមួយ​បញ្ហា​៕/V​