​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ សារ៉េត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បិទ​កិច្ច​សវនកម្ម​ផ្ទៃក្នុង នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ សម្រាប់​ការិយបរិច្ឆេទ ២០២១ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍ និង​រាយ ការណ៍​អំពី លទ្ធផល​ការងារ រយៈពេល​៦​ខែ នៃ​ឆ្នាំ​២០២២ ស្តីពី​ការបង្ក្រាប​បទល្មើស នានា ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ បទល្មើស​ព្រហ្មទណ្ឌ សន្តិសុខ​សណ្តាប់ ធ្នាប់​សាធារណ​: សន្តិសុខ​ព្រំដែន គ្រោះថ្នាក់​ចរាចរណ៍ បទល្មើស​ជួញដូរ​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ទំនិញគេចពន្ធ ការផ្តល់​សេវាសាធារណ​:​ផ្សេងៗ និង​ការកសាង​អង្គភាព​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ សារ៉េត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​លោកស្នងការ និង​លោក លោកស្រី គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ ប្រឹងប្រែង បំពេញការងារ សម្រេចបាន​លទ្ធផល​ល្អ គួរ​ជាទី​មោទនៈ​។ លោក​ក៏បានផ្តល់ អនុសាសន៍ កែលម្អ​ចំណុច​ខ្វះខាត​មួយចំនួន ដើម្បី​ឲ្យ​លទ្ធផល​ការងារ នៅ​ឆ្នាំ​បន្ទាប់ កាន់តែ​ប្រសើរឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ សារ៉េត ក៏បាន​សំណូមពរ​លោកស្នងការ ត្រូវ​ជំរុញ​ដល់ ថ្នាក់ដឹកនាំ គ្រប់​អង្គភាព​ពាក់ព័ន្ធ មេបញ្ជាការ​វរៈ​នគរបាល​ការពារ​ព្រំដែន លោក​អធិការដ្ឋាន ក្រុង​-​ស្រុក និង​ប៉ុស្តិ៍ ត្រូវ​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី ធ្វើ​ប្លង់ដី ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​បញ្ចៀស​ការបាត់បង់ និង​កា​រំលោភ​។ ត្រូវ​បន្ត​បំពេញ​តួនាទី ភារកិច្ច​ឲ្យ​បានល្អ ប្រកបដោយ​គុណភាព លើសពីនេះ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង ទើប​ការងារ កាន់តែ​រីកចម្រើន​៕/V​