​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ដែល​បាន​ឆបោក​លុយ​គេ ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា ១ លាន​ដុល្លារ​អាម៉េរិក ដើម្បី​យកទៅ​ទិញ​ដី នៅតាម​ខេត្ត​មួយចំនួន សម្រាប់​ទុក​ស្ដុក​ទំនិញ នាំ​មកពី​ក្រៅប្រទេស ប៉ុន្ដែ​មិន​ព្រម​ធ្វើតាម​សន្យា អស់​រយៈពេល ២ ឆ្នាំ​មកហើយ ទើប​ពេលនេះ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត ស្រាល នៃ​ក្រសួងមហាផ្ទៃ ស្រាវជ្រាវ​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ នៅ​ខេត្តកោះកុង​។​

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន មានឈ្មោះ ឌឿ​ន សាវឿន ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ បច្ចុប្បន្ន ស្ថិតនៅ​ផ្លូវលំ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ដោយ​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ ជាង​មួយ​លាន​ដុល្លារ និង​ក្លែង​ឯកសារ ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ។​

​ប្រភព​បាន​ឲ្យ​ដឹងថាៈ ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ឈ្មោះ ឌឿ​ន សាវឿន ចូល​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​ធ្វើការ​សាកសួរ លើ​បណ្តឹង​ព្រហ្មទណ្ឌ ពីបទ​ឆបោក តាម​បណ្តឹង​របស់​ឈ្មោះ សែ​ស ប្រាក់​ពិសិដ្ឋ​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ករណី​ឆបោក កាលពី​អំឡុង ឆ្នាំ​២០២០ តាម​ដីកា​របស់​តុលាការ ។ សមត្ថកិច្ច បាន​រកឃើញ​ឯកសារ​ក្លែង​មួយចំនួន រួមមាន ក្លែងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ក្លែង​ព្រះរាជក្រឹត្យ ក្លែង​ប៊ិក​ត្រា​ឈ្មោះ ឧ​ត្ត​ម​សេនីយ៍ ក្លែង​អត្តសញ្ញាណប័ណ្ណ នាយទាហាន​។​

​តាម​ប្រភពព័ត៌មាន បាន​បង្ហើប​ឲ្យ​ដឹងថាៈ ក្នុងការ​ឆបោក​ជនរងគ្រោះ​នោះ ជនសង្ស័យ បាន​ប្រើល្បិច​លួងលោម​ឲ្យ​ជនរងគ្រោះ ឈ្មោះ សែ​ស ប្រាក់​ពិសិដ្ឋ និង​ប្រពន្ធ ប្រគល់​ប្រាក់​ទិញ​ដី នៅ​ខេត្តកោះកុង ខេត្តព្រៃវែង ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តកំពង់ស្ពឺ ដើម្បី​សាងសង់​ផ្ទះ សម្រាប់​ស្តុក​ទំនិញ ដែល​នាំចូល​ពី​ក្រៅប្រទេស​៕/V​