ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានរៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ ខួប​លើក​ទី​១៨ ឆ្នាំ របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលប្រជុំ​ធំ សាលាខេត្ត​បន្ទាយមានជ័យ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ពិធី​នោះ ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី ព្រះ​មេគណ មន្ត្រី​សង្ឃ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និង​មហាជន ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ លោក ឈឿន ក្រៃ​យ៉ុង អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ឡើង​អាន ព្រះ​ជីវប្រវត្តិ​សង្ខេប របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែល​បង្ហាញថា ថ្ងៃនេះ ជា​ខួប​លើក​ទី ១៨ ឆ្នាំ (​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤-២០២២) នៃ​ព្រះ​រាជពិធី នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​ព្រះរាជ​សម្ភព នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ទ្រង់​ជា​ព្រះរាជបុត្រ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះអង្គ ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេលដែល ព្រះ​បរម​រតន​កោដ្ឋ បានដាក់​រាជ្យ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ កន្លងមកនេះ​។​

​លោក អ៊ុំ រាត្រី និង​លោក ខេង ស៊ុម បាន​អាន​សារលិខិត​ថ្វាយ ព្រះ​ពរ​ស័ព្ទ​សារ​ធុ​ការ និង​បាន​សម្តែង​ភក្ដីភាព កតញ្ញូ​ធម៌ ដ៏​ជ្រាលជ្រៅ​បំផុត និង​បាន​លំឱនកាយ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណបុណ្យ ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ក្នុង​លោក និង​បារមី​ទេវតា រក្សា​ស្វេតច្ឆត្រ សូមជួយ​ប្រសិទ្ធ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល មហាប្រសើរ ថ្វាយ​ដល់ ព្រះករុណា ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង សូម​ឱ្យមាន​ព្រះរាជ​សុខុមាល​ភាពល្អ បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​មាន​ជន្មាយុ​យឺនយូរ ជាង​រយ​ព្រះវស្សា ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់​នៃ ប្រជារាស្ត្រ​ខ្មែរ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ច​និរន្ត​តរៀង​ទៅ ។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល ១៨ ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះមហាក្សត្រ បាន​ប្រកាន់ខ្ជាប់ នូវ​ព្រះរាជតួនាទី និង​ព្រះរាជកិច្ច​របស់​ព្រះអង្គ តាម​ការចែង នៅក្នុង​រដ្ឋធម្មនុញ្ញ ក្នុងការ​បម្រើ​វិស័យ​សាសនា វិស័យ​មនុស្សធម៌ វិស័យ​អប់រំ សង្គមកិច្ច សុខមាលភាព និង​ជីវភាព​រស់នៅ​របស់ ប្រជារាស្ត្រ នៅ​ទូទាំងប្រទេស និង​បាន​នាំមក​នូវ សុខ​សុភមង្គល សម្រាប់​ជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​។ ព្រះអង្គ បានចាត់ទុក​បញ្ហា​រប​ស់ ប្រជានុរាស្ត្រ ក៏ដូចជា​បញ្ហា​របស់​ទ្រង់​ផ្ទាល់​ដែរ​។ អាស្រ័យ​ហេតុនេះហើយ ទើប​ព្រះអង្គ តែងតែ​ចូលរួមចំណែក បរិច្ចាគ​ថវិកា​ផ្ទាល់​របស់​ព្រះអង្គ ជួយ​សាសង់​អាគារ​មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក​ជាដើម ដើម្បី​ជា​ប្រយោជន៍ ក្នុងការ​រស់នៅ​របស់​ប្រជានុរាស្ត្រ ជាពិសេស​តែង​បាន​ប្រទាន​ថវិកា ជា​រៀងរាល់ខែ ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់ កាកបាទក្រហមកម្ពុជា​។ បន្ថែម​ពីលើ​នេះ ព្រះអង្គ​ក៏​តែងតែ​យាងចុះ​ជួប​ប្រជានុរាស្ត្រ នៅតាម​មូលដ្ឋាន​ដាច់ ស្រយាល​មួយចំនួន ដោយ​ផ្ដល់​ជា​គ្រឿងឧបភោគ និង​ថវិកា ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព ៕/V​