​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសេដ្ឋី​បច្ចេកវិជ្ជា​មាន​បំផុត​ទាំង ២០ របស់​ពិភពលោក​បាន​ខាត​កន្លះ​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២ តែឯង​ដោយសារតែ​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៃ​ទីផ្សារ​ភាគ​​ហ៊ុន អត្រា​ការប្រាក់​កើនឡើង និង​អតិផរណា​បំបែក​ឯតទគ្គ​កម្ម​។​

​មហាសេដ្ឋី​បច្ចេកវិជ្ជា ដែល​រួមមាន​ទាំង​លោក ម៉ាក ហ្សាក់​ឃើ​បឺក លោក ប៊ី​ល ហ្គេត និង​លោក ឡា​រី អែល​លី​សុន (Larry Ellison) បានឃើញ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ជាង ៤៨០​ពាន់​លាន​ដុល្លារ​​ត្រូវ​បាត់បង់ នេះ​បើ​យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ប្ល៊ូ​ម​បឺ​ក (Bloomberg)​ដែល​ដាក់​ចំណាត់ថ្នាក់​អ្នក​មាន​បំផុត​នៅលើ​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​។​

​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ពួកគេ​រឹតតែ​ធ្ងន់​ថែមទៀត​នៅ​សប្តាហ៍​នេះ នៅពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយចំនួន​រាយការណ៍​ពី​ប្រាក់​ចំណូល​ដ៏​គួរឱ្យ​ខកចិត្ត​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ម៉ាក ហ្សាក់​ឃើ​បឺក បានឃើញ​ទ្រព្យសម្បត្តិ​របស់​គាត់​ថយចុះ​១១​ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដែល​មានន័យថា ទ្រព្យសម្បត្តិ​របស់​គាត់​ឥឡូវ​នេះ​បាន​ធ្លាក់ចុះ​ជា​ង ១០០​ពាន់​​លាន​ដុល្លារ​ក្នុង​រយៈពេល​តែ​ជាង​មួយ​ឆ្នាំ​។​

​ក្រុមហ៊ុន Meta បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណូល​សម្រាប់​ត្រីមាស​ទី​ពីរ​ជាប់ៗ​គ្នា​ក្នុង​សប្តាហ៍​នេះ​។​

​ក្រុមហ៊ុន​បាន​ជួប​ការលំបាក​ក្នុងការ​ហក់​ឡើង​ទៅ​ទី​កំពូល បន្ទាប់ពី​បាន​ជះ​លុយ ៧០ ពាន់​លាន​ដុល្លារ​វិនិយោគ​ក្នុង Metaverse​ជា​ពិភព​និម្មិត​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដែល​គេ​ចម្អក​ថា​មាន​បន្ទប់​ទទេ​គ្មាន​​ទីបញ្ចប់ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការទាក់ទាញ​អ្នកប្រើប្រាស់​។​

​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​សម្រាប់​ត្រីមាស​ទី​ពីរ​ជាប់ៗ​គ្នា ហើយ​វា​បាន​ចោទ​ជា​សំណួរ​ថ្មីៗ​អំពី​ផែនការ​របស់​ក្រុមហ៊ុន Meta ក្នុង​ការចាក់​បញ្ចូល​ប្រាក់​បន្ថែមទៀត យ៉ាងហោចណាស់ ១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ទៅក្នុង​អាណាចក្រ​និម្មិត ខណៈ​វិនិយោគិន​បង្កើន​ការសង្ស័យ​អំពី​កំណើន​។​

​ក្រុមហ៊ុន​ក៏​កំពុង​រង​ផលប៉ះពាល់​ដោយ​ការធ្លាក់ចុះ​ការលក់​ពាណិជ្ជកម្ម ខណៈ​ខ្លួន​ប្រឈម​ការប្រកួតប្រជែង​ពី​កម្មវិធី​វីដេអូ​ដ៏​ពេញនិយម TikTok៕

មហាសេដ្ឋី​បច្ចេកវិជ្ជា​កំពូល​ទាំង​២០​របស់​ពិភពលោក​ខាត​រួមគ្នា​កន្លះ​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២