​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​២៨​តុលា​បាន​ស្វាគមន៍​ការកាន់កាប់ Twitter ពី​សំណាក់​លោក អេ​ឡុន ម៉ាស​ទោះបីជា​គាត់​កំពុងព្យា​​យាម​និយាយ​ការពារ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ថ្មីថ្មោង​ពោរពេញ​ដោយ​បញ្ហា​របស់​គាត់ ហើយ​និយាយ​ថា គូប្រជែង​ធំ​ជាង​ខ្លួន​ត្រូវតែ​លុប Bots (​មនុស្ស​យន្ត​លើ​អ៊ីនធឺណិត​) និង​គណនី​ក្លែងក្លា​យក្តី​។​

​មហាសេដ្ឋី​ម៉ា​សបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុន Twitter កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ភ្លាមៗ​នោះ​បាន​បង្ក​ឱ្យ​មាន​ការ​រំពឹងទុក​ថា ត្រាំ​អាច​នឹង​ត្រឡប់មក Twitter វិញ​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​លោក​ម៉ាស​បណ្តេញ​នាយក​ប្រតិបត្តិ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការហាមឃាត់​ត្រាំ​។​

​លោក​ត្រាំ​បាន​និយាយថា លោក​ពិតជា​រីករាយ​ណាស់​ដែល​កិច្ចព្រមព្រៀង​នេះ​បាន​បញ្ចប់​។​

​លោក​បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Truth Social របស់​គាត់​ថា “​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ដែល Twitter ឥឡូវ​នេះ​ស្ថិតនៅ​ក្នុង​ដៃ​មនុស្ស​ល្អ​ហើយ​នឹង​លែង​ត្រូវ​បាន​​ដំណើរការ​ដោយ​ជន​វង្វេងវង្វាន់​ឆ្វេងនិយម​ជ្រុល​និង​ពួក​មនុស្ស​ឆ្កួត ដែល​ពិតជា​ស្អប់​ប្រទេស​របស់​យើង​”​។​

“​ឥឡូវនេះ Twitter ត្រូវតែ​ខិតខំ​ដើម្បី​កម្ចាត់ Bots និង​គណនី​ក្លែងក្លាយ​ទាំងអស់​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​វា​យ៉ាងធ្ងន់ធ្ងរ​។ វា​នឹង​មាន​ទំហំ​តូច​ជាង​មុន ប៉ុន្តែ​នឹង​ប្រសើរ​ជាង​មុន​”៕

​លោក​ម៉ាស​និង​លោក​ត្រាំ​ថត​នៅ​សេត​វិមាន