​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​បានបង្ហាញ​ការឆេះ​ទូក​របស់​ពួក​រត់ពន្ធ​គ្រឿង​ញៀន​មួយគ្រឿង ដែល​ដឹក​ថ្នាំញៀន​កូកាអ៊ីន​តម្លៃ​ប្រហែល ២៤ លាន​ផោន​(​ជិត​២៨​លាន​ដុល្លារ​) បន្ទាប់​ពី​ការដេញ​តាម​ដ៏​តានតឹង​ជាមួយ​នាវាចម្បាំង​កងទ័ព​ជើង​ទឹក​នៅ​តំបន់​កា​រ៉ា​អ៊ី​ព​។​

​ថ្នាំញៀន​ជាង ៤០០ គីឡូក្រាម ត្រូវបាន​រឹបអូស​ពី​ទូក ដែល​គេ​ជឿ​ថា​មកពី​អាម៉េរិក​ខាងត្បូង ហើយ​សមាជិក​នាវិក​បីនាក់​ត្រូវបាន​ឃាត់ខ្លួន មុន​ពេល​ទូក​ល្មើស​ត្រូវបាន​បំផ្លាញ​។​

​នាវា​ល្បាត​របស់​កងទ័ពជើងទឹក​អង់គ្លេស HMS Medway ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​កា​រ៉ា​អ៊ី​ព បាន​ប្រទះឃើញ​ទូក​នេះ​នៅ​ជិត​ឆ្នេរ​សាធារណរដ្ឋ​ដូ​មីនិក​។​នាវា​ល្បាត​នេះ​កំពុង​ដឹក​សមាជិក​នៃ​កង​​អនុព័ន្ធ​ការពារ​ដែនសមុទ្រ​របស់​សហរដ្ឋអាម៉េរិ​ក និង​ត្រូវបាន​គាំទ្រ​ដោយ​យន្តហោះ​មួយគ្រឿង​។​

​បន្ទាប់​ពី​ប្រតិបត្តិការ​ពេញ​មួយ​យប់​ដើម្បី​ចាប់​គ្រឿងញៀន ដែល​ប៉ាន់ស្មាន​ដោយ​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​ថា​មាន​តម្លៃ​ប្រហែល ២៤​លាន​ផោន​បើ​វា​ទៅដល់​ចក្រភព​អង់គ្លេស​នោះ​ទូក​ជា​មុខសញ្ញា​ត្រូវ​​បាន​បាញ់​ពន្លិច​ដោយ​ក្រុម​កាំភ្លើង​ធំ​របស់​កងទ័ពជើងទឹក​អង់គ្លេស​។​

​កងទ័ពជើងទឹក​អង់គ្លេស​បាន​និយាយថា ទូក ដែល​គេ​គិត​ថា​បាន​ធ្វើដំណើរ​តាមផ្លូវ​រត់ពន្ធ​ដូច​សព្វមួយដង​នោះ ត្រូវបាន​ក្រុមមន្ត្រី​បើក​ដេញ​តាម​ពីក្រោយ​ហើយ​បាន​រកឃើញថា​មាន​ថ្នាំញៀន​ជាច្រើន​​កញ្ចប់​ធំ​។​

​ការបំផ្លាញ​ទូក ដែល​ធ្វើ​ប្រតិបត្តិការ​ប្រភេទ​នេះ គឺ​ដើម្បី​ធានា​ថា​វា​លែង​ត្រូវ​បាន​ប្រើ​សម្រាប់​សកម្មភាព​ខុស​ច្បាប់​តទៅទៀត ខណៈ​ផ្តល់នូវ​ការហ្វឹកហាត់​បាញ់កាំភ្លើង​ដល់​កងទ័ព​ផងដែរ​៕

​កងទ័ព​លើ​នាវា HMS Medway បាញ់​ពន្លិច​ទូក​ដឹក​គ្រឿងញៀន​នៅ​ក្បែរ​ឆ្នេរ​សាធារណរដ្ឋ​ដូ​មីនិ​កកាល​ពី​ថ្ងៃ​សុក្រ​ទី​២៨​តុលា