ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខា សាលា​ស្តីពី “​ការលើកកម្ពស់​កម្លាំង​ពលកម្ម​ជំនាញ​, ឌីជីថល​នីយកម្ម និង​ផលិតភាព​” ដែលជា​កម្មវិធី​មួយ​ដ៏​សំខាន់ នៃ​យុទ្ធនាការ​លើកកម្ពស់ ផលិតភាព​នៅ​កម្ពុជា​។​

​សិក្ខាសាលា​នេះ បាន​ត្រូវ​រៀបចំឡើង ទន្ទឹមគ្នា​ទៅនឹង “​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២២” រយៈពេល ២ ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨ ដល់ ២៩ ខែតុលា ឆ្នាំ​២០២២ នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​បំពេញ​ឱ្យ​គ្នា ទៅវិញទៅមក សំដៅ​បង្កើតឱ្យមាន​ឥទ្ធិពល​និង​ផលប្រយោជន៍ ជា​អតិបរមា ដល់​អ្នកចូលរួម ក៏ដូចជា ភាគី​ពាក់ព័ន្ធ ក្នុង​ទីផ្សារការងារ​។

​ការរៀបចំ​ឡើង នូវ​សិក្ខាសាលា​នេះ គឺជា​ចូលរួមចំណែក​មួយ​ដ៏​សំខាន់ ក្នុងការ​អនុវត្ត នូវ​ទិសដៅ​អាទិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ សំដៅ​លើកកម្ពស់ ផលិតភាព និង​ភាព​ប្រកួតប្រជែង ដើម្បី​បន្ត​កែប្រែ​រចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ ធានាបាន នូវ​កំណើន និង​ការ​ង្កើ​ត​ការងារ កាន់តែ​ល្អ​គ្រប់គ្រាន់ សម្រាប់​ប្រជាជន​។
​សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​ពេញ​នេះ នឹង​នាំមក​បង្ហាញជូន​នូវ​ប្រធានបទ​សំខាន់ៗ រួមមាន​៖ ១) ការផ្លាស់ប្តូរ​បែប​ឌីជីថល និង​ផលិតភាព​ការងារ​, ២) បញ្ហា​ប្រឈម​និង​ការរំពឹងទុក អំពី​ផលិតភាព នៅក្នុង​ប្រទេស​កម្ពុជា​, ៣) ការអនុវត្ត​ល្អ សម្រាប់​ដំណើរការ ការងារ​ប្រកបដោយ​ចីរភាព ឆ្ពោះទៅ​ឧត្តមភាព​, ៤) ការអប់រំ និង​បណ្ដុះបណ្ដាល បន្ត​ការរៀនសូត្រ នៅ​កន្លែង​ការងារ​, ៥) ការបង្កើន​ផលិតភាព ដោយ​និយោជិត​ឆ្លាត​វៃ ក្នុងការ​អនុវត្ត​ផលិតភាព​ការងារ តាម​ឌីជីថល​នីយកម្ម​។​

​លោក ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន គណៈកម្មាធិការ​ជាតិ បណ្តុះបណ្តាល បាន​មានប្រសាសន៍ថាៈ សិក្ខាសាលា​នេះ គឺជា​ការបង្ហាញឱ្យឃើញ ផ្នែក​មួយ នៃ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ចលនា​ជាតិ លើកកម្ពស់​ផលិតភាព នៅ​កម្ពុជា តាមរយៈ​ការរៀនសូត្រ បទពិសោធន៍​ជោគជ័យ របស់​ប្រទេស ដែល​នាំមុខគេ ដូចជា ជប៉ុន កូរ៉េ សឹង្ហ​បុរី និង​ម៉ាឡេស៊ី ជាដើម សំដៅ​បណ្តុះ​ឡើង​នូវ​ផ្នត់គំនិត អំពី​ផលិតភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​ទាំងមូល ជាពិសេស ក្នុងចំណោម​កម្មករ និយោជិត យុវជន សិស្ស និស្សិត​, ព្រមទាំង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ផ្នត់គំនិត ពី​សំណាក់​និយោជក ពី​ការចាត់ទុក “ កម្មករ និយោជិត ” គ្រាន់តែ​ជា​ធនធាន ដូច​ធនធាន​ផលិតកម្ម ដទៃទៀត ទៅ​ចាត់ទុកជា “ មូលធន ” ដែល​ត្រូវការ​ចាំបាច់ ធ្វើការ​វិនិយោគ​ជាប្រចាំ ដើម្បី​លើកកម្ពស់ និង​ពង្រីក​ជំនាញ អាច​ឲ្យ​សមត្ថភាព​ឆ្លើយតបបាន ទៅនឹង​ការប្រែប្រួល គ្រប់​កាលៈទេសៈ​។​

​លោក ពេ​ជ សោភ័ន រំពឹងថាៈ​តាមរយៈ​សិក្ខាសាលា​នេះ នឹង​ផ្ដល់​ដល់​អ្នកចូលរួម ទាំងអស់​នូវ​គំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ ពី​សំណាក់​វាគ្មិន ជំនាញ​ជាតិ និង​អន្តរជាតិ សម្រាប់​ជា​ប្រយោជន៍ ក្នុង​ការបណ្ដុះ​ផ្នត់គំនិត​, កែប្រែ​ឥរិយាបទ​, ការអភិវឌ្ឍ​ជំនាញ និង​ការអនុវត្ត នៃ​ការលើកកម្ពស់​ផលិតភាព និង​ភាព​ប្រកួតប្រជែង នៅ​គ្រប់​កម្រិត តាំងពី​កម្មករ និយោជិត​ម្នាក់ រហូតដល់​ប្រទេសជាតិ ទាំងមូល សំដៅ​ធ្វើ​ឲ្យ​គ្រប់​សហគ្រាស​-​គ្រឹះស្ថាន គឺជា​សហគ្រាស – គ្រឹះស្ថាន កាន់តែ​ប្រសើរ​, គ្រប់​ការងារ គឺជា​ការងារ​កាន់តែ​ប្រសើរ និង​គ្រប់​កម្មករ និយោជិត គឺជា​កម្មករ និយោជិត ដែលមាន​ជំនាញ កាន់តែ​ខ្ពស់ ។​

​គួរ​បញ្ជាក់ថា កំណើន​ផលិតភាព ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច នៃ​ប្រទេសមួយ ដោយ​ផ្តល់​លទ្ធភាព​ឱ្យ​សេដ្ឋកិច្ចជាតិ នៃ​ប្រទេស​នោះ អាច​ផលិត បាន​នូវ​ផលិតផល ដែលមាន​តម្លៃបន្ថែម កាន់តែច្រើន​ខណៈពេលដែល​ការប្រើប្រាស់ ធនធាន កាន់​តែមាន​ប្រសិទ្ធភាព រួមចំណែក​ដល់​ការបង្កើន​ភាព ប្រកួតប្រជែង របស់​ប្រទេស​៕/V