ដោយៈ ជា សីហៈ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានអះអាងាថា មានសត្វទោចចំនួន២០ប្រភេទផ្សេងៗគ្នា ដែលប្រភេទទាំងអស់នោះមានវត្តមាននៅតែតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង ហើយប្រទេសកម្ពុជាគឺជាជម្រករបស់សត្វទោចចំនួនបីប្រភេទ ដែលសត្វទោចទាំងបីប្រភេទនេះត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជដោយអង្គការ IUCN ដោយទោចទាំងបីប្រភេទនេះគឺ ទោចថ្ពាល់លឿងខាងត្បូង ទោចថ្ពាល់លឿងខាងជើង និងទោចម្កុដ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងថា មកដល់ពេលនេះមជ្ឈមណ្ឌលបានរក្សាទុកនិងថែទាំទោចម្កុដមួយចំនួន ដែលសត្វទោចទាំងអស់នេះត្រូវបានជួយសង្គ្រោះពីការជួញដូរសត្វព្រៃខុសច្បាប់។
ប្រភពដដែលបានបន្តថា ដៃដ៏វែងរបស់ពួកវាជួយឱ្យពួកវាអាចបំលាស់ទីបានយ៉ាងងាយស្រួលពីមែកឈើមួយទៅមែកឈើមួយក្នុងល្បឿនមួយដែលអាចប្រៀបធៀបបានទៅនឹងល្បឿនសេះប្រណាំង គឺ៥៤គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រយៈពេលខ្លី ដែលធ្វើឱ្យពួកវាក្លាយជាសត្វស្វាធំថ្នាក់តូចដែលអាចបំលាស់ទីបានលឿនជាងគេបំផុត។ ទោះជាយ៉ាងនេះក្តី ការបំលាស់ទីយ៉ាងលឿនរបស់ពួកវាគឺមិនគ្រប់គ្រាន់ដើម្បីឱ្យពួកវាគេចផុតពីការគំរាមកំហែងបានឡើយ។

អង្គការ IUCN បានប៉ាន់ប្រមាណចំនួនប្រជាសាស្ត្រដែលនៅសេសសល់ គឺមានសត្វទោចពេញវ័យចំនួន៤៧.០០០ក្បាល ដែលមានវត្តមាននៅប្រទេសថៃ នៅភាគខាងលិចនៃប្រទេសកម្ពុជា និងនៅភាគនីរតីនៃប្រទេសឡាវ។ កក្តាគំរាមកំហែងចំពោះសត្វទោចទាំងនេះគឺដោយសារការរេចរឹលទីជម្រកយ៉ាងធ្ងន់ធ្ងរ (ការកាប់ឈើ ការកែប្រែដីព្រៃទៅជាដីកសិកម្ម ការអភិវឌ្ឍន៍របស់មនុស្ស ….) ព្រមទាំងការបរបាញ់ដើម្បីចិញ្ចឹមជីវិត។

សត្វទោចគឺជាផ្នែកមួយដ៏សំខាន់នៃស្ថានប្រព័ន្ធ ព្រោះពួកវាដើរតួជាអ្នកសាបព្រោះគ្រាប់ពូជតាមរយៈការស៊ីចូលទៅក្នុងពោះនិងបន្ទោបង់ចេញមកវិញ។ គ្រាប់់ពូជដែលបានឆ្លងកាត់ប្រព័ន្ធរំលាយអាហាររបស់ពួកវាទំនងជាចេញពន្លកផងដែរ៕/PC