​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅក្នុង​ពិភពលោក​មួយ ដែល​ឧបករណ៍​របស់​យើង​ហាក់​មាន​អេក្រង់​កាន់តែ​ធំ​ឡើងៗ​នោះ ក្រុមហ៊ុន​មួយ​បាន​សម្រេចចិត្ត​ធ្វើដំណើរ​បញ្ច្រាស់ទិស​ដោយ​បង្កើត​ទូរទស្សន៍​តូច​ជាង​គេ​បំផុត​របស់​ពិភពលោក​។​

​ក្រុមហ៊ុន​អេឡិចត្រូនិក TinyCircuits បានបង្ហាញ​គំរូ​ថ្មី​ចំនួន​ពីរ​នៅក្នុង​ប្រភេទ​ទូរទស្សន៍ TinyTV របស់ខ្លួន រួម​ទាំង​ទូរទស្សន៍​មួយ​មាន​អេក្រង់ ០,៦ អ៊ីង​។​

​ទូរទស្សន៍ TinyTV 2 មាន​អេក្រង់​ទំហំ ១,០ អ៊ី​ញ និង​ដាក់​ពី​លើ​ឧបករណ៍​បំពង​សំឡេង​ខាង​មុខ​ទំហំ ០,៦ អ៊ី​ញ​គុណ​នឹង ០,៤ អ៊ី​ញ​។​

​ជាមួយនឹង​សោភណភាព​បែប​អតីតកាល ទូរទស្សន៍​ដ៏​គួរ​ឱ្យ​ស្រលាញ់​នេះ​ភ្ជាប់​មក​ជាមួយនឹង​ប៊ូ​តុង​បង្វិល​ពីរ ដែល​ប្រើ​សម្រាប់​ប្តូរ​សំឡេង និង “​ប្តូរ​ប៉ុស្តិ៍​”​។​

​បងប្អូន​បង្កើត​តូច​ជាង​វា គឺ TinyTV Mini មាន​ទំហំ​ប៉ុន​តែម​ប្រៃសណីយ៍​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​នៅតែ​អាច​បើក​មើល​បាន​ពេញ​មួយ​ម៉ោង​រាល់​ការ​សាក​ភ្លើង​ពេញ​ម្តង​។​

​បច្ចុប្បន្ន ទូរទស្សន៍​ទាំង​ពីរ​គឺ​ជា​កម្មវត្ថុ​នៃ​យុទ្ធនាការ Kickstarter ដែល​រហូតមកទល់​ពេលនេះ​រៃ​អង្គាស​ប្រាក់​បាន​ជាង ១២៨.៦៤០ ដុល្លារ​។​

​វីដេអូ​អាច​ចុច​ឱ្យ​ដំណើរការ​ដោយ​អ្នកប្រើប្រាស់ ឬ អាច​ចាក់ឱ្យ​លេង​តាម​រយៈ TinyTV ដោយ​ប្រើ​ខ្សែ USB-C ដើម្បី​ភ្ជាប់​វា​ទៅ​កុំព្យូទ័រ​។​

​ទាំង TinyTV 2 និង TinyTV Mini ភ្ជាប់​មក​ជាមួយ​កាត microSD ទំហំ ៨GB ដែល​ដំឡើង​ក្នុងនោះ​ជា​ស្រេច ដែល​អាច​ផ្ទុក​វីដេអូ​បាន​លើស​ពី ១០ និង ៤០ ម៉ោង​នៅ​លើ​ឧបករណ៍​រៀងៗ​ខ្លួន​។​

​ពួក​វា​ត្រូវ​បាន​ដំឡើង​ជា​មុន​ជាមួយ​នឹង​វីដេអូ​ពី​ប្រភព​ក្រៅ​មួយចំនួន​រួចជាស្រេច រួម​ទាំង​វីដេអូ​អំពី​គំនរ​អុស​កំពុង​ឆេះ​។​

​ទោះយ៉ាងណា អ្នកប្រើប្រាស់​អាច​ចាក់​ភាពយន្ត កម្មវិធី​នានា និង​វីដេអូ TikTok ដែល​ពួកគេ​ចូលចិត្ត ដោយ​ដោត​វា​ទៅក្នុង​កុំព្យូទ័រ​របស់​ពួកគេ ហើយ​អូស File ទាំងនោះ​ចូល​។​

​វីដេអូ​ទាំងនោះ​ជាដំបូង​ត្រូវ​បំប្លែង​ទៅ​ជា​ទម្រង់​របស់ TinyTV ដែល​ងាយស្រួល​ប្រើ ដោយ​ប្រើ​កម្មវិធី​ឥតគិតថ្លៃ​ផ្តល់​ដោយ​ក្រុមហ៊ុន TinyCircuits ។​

​ទូរទស្សន៍ TinyTV 2 និង TinyTV Mini មាន​តម្លៃ​ពី ៤៩ ដុល្លារ​ទៅ ៥៩ ដុល្លារ​៕

​ទូរទស្សន៍ TinyTV 2 និង TinyTV Mini មាន​តម្លៃ​ពី ៤៩ ដុល្លារ​ទៅ ៥៩ ដុល្លារ​