​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការសិក្សា​មួយ​បាន​គណនា​ឃើញថា រលក​កម្ដៅ​ដែល​ជំរុញ​ដោយ​ការប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​សេដ្ឋកិច្ចពិភពលោក​ខាត ១៦ ទ្រី​លាន​ដុល្លារ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ មក​។​នេះ​គឺ​ដោយសារ​តែ​ឥទ្ធិពល​នៃ​សីតុណ្ហភាព​ខ្ពស់​ទៅ​លើ​សុខភាព​មនុស្ស ផលិតភាព និង​ទិន្នផល​កសិកម្ម​។​

​ការ​សិក្សា​ក៏​បាន​បង្ហាញ​ផងដែរ​ថា ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិ​ចទាប​បំផុតនិង​ក្រីក្រ​បំផុត​របស់​ពិភពលោក បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធំ​បំផុត ដូចជា​បណ្តា​ប្រទេស​នៅ​តំបន់​ត្រូពិច​។​

​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Dartmouth College ក្នុង​រដ្ឋ​ញូ​វ​ហាំ​សាយ​អឺ (New Hampshire) សហរដ្ឋ​អាម៉េរិក​បាន​រួម​បញ្ចូល​គ្នា​នូវ​ទិន្នន័យ​សេដ្ឋកិច្ច​ជាមួយនឹង​សីតុណ្ហភាព​ជា​មធ្យម​​សម្រាប់​រយៈពេល​ប្រាំ​ថ្ងៃ​ដែល​ក្តៅ​បំផុត​សម្រាប់​តំបន់​សកល​នី​មួយៗ​។​

​ពួកគេ​បាន​រកឃើញថា ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៣ រលក​កម្តៅ​តែងតែ​កើតឡើង​ស្របគ្នា​ជាមួយនឹង​ការប្រែប្រួល​នៃ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​និង​ទាប​។​

​អ្នកនិពន្ធ​ជាន់ខ្ពស់ ឈ្មោះ ចា​ស្ទីន មែន​គីន (Justin Mankin) ជា​ជំនួយការ​សាស្ត្រាចារ្យ​ភូមិសាស្ត្រ បាន​និយាយថា​”​ស្ទើរតែ​គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ផែនដី​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្តៅ​​ធ្ងន់ធ្ងរ ដែល​បាន​កើតឡើង​”​។​

​លោក​បាន​បន្ថែមថា “​ព្រឹត្តិការណ៍​ជា​សកល​ដូច​ជា​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បាន​លាតត្រដាង​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​សេដ្ឋកិច្ចពិភពលោក​”​។​

“​ប្រទេស​ប្រាក់ចំណូល​ទាប​គឺមាន​ចំនួន​កម្មករ​ធ្វើការ​ក្រៅ​ផ្ទះ​ច្រើន ដែល​តែងតែ​បង្កើត​វត្ថុធាតុដើម​យ៉ាងសំខាន់​សម្រាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។​វា​ពិតជា​មាន​សក្តានុពល​សម្រាប់​រលក​ផល​​ប៉ះពាល់​ចំពោះ​គ្នា​កាន់តែ​ខ្លាំង​ឡើង​”​។​

​អ្នកនិពន្ធ​បាន​អះអាងថា ការងារ​របស់​ពួកគេ​គឺ​ស្ថិតក្នុង​ចំណោម​ការងារ​ដំបូង​គេ​ដែល​ពិនិត្យ​ជាពិសេស​ថា​តើ​រលក​កម្តៅ​ប៉ះពាល់​ដល់​ទិន្នផល​សេដ្ឋកិច្ច​ឬ​អត់​។​

​លោក​ណ្ឌិ​តមែន​គីន​បាន​និយាយថា “​ការខាតបង់​ពិតប្រាកដ​នៃ​ការប្រែប្រួល​អាកាសធាតុ​គឺ​ខ្ពស់ជាង​ការ​ដែល​យើង​បាន​គណនា​កន្លងមក​”​។​

​ការសិក្សា​ពី​មុន​មាន​ទំនោរ​ផ្តោត​លើ​តំបន់​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​ទិន្នន័យ​សេដ្ឋកិច្ច​និង​អាកាសធាតុ​មាន​ភាពរឹងមាំ​ជា​ង​៕

​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០១៣ រលក​កម្តៅ​តែងតែ​កើតឡើង​ស្របគ្នា​ជាមួយនឹង​ការប្រែប្រួល​នៃ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​និង​ទាប