ដោយៈ គង់ហេង/ កំពង់ចាម៖ដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ដូចនេះសូមប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតអញ្ជើញទៅពិនិត្យមើល​​ឈ្មោះរបស់ខ្លួនដែលកំពុងផ្សព្វផ្សាយនៅតាមឃុំ សង្កាត់របស់ខ្លួន។នេះជាការបញ្ជាក់របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ក្នុងពិធីសំណេះសំណាលនិងចែកពូជស្រូវដល់ប្រជាកសិករដែលរងផលប៉ះពសាល់ដោយទឹកជំនន់ចំនួន ២.៥១៧ គ្រួសារ នៅស្រុកបាធាយ កាលពីថ្ងៃទី ២៨ ខែតុលាម្សិលមិញ។

ក្នុងឱកាសនេះដែរលោក យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ក៏ដូចជានៅស្រុកបាធាយដែលជានិច្ចជាកាលតែងតែមានជំនឿនិងបន្តគាំទ្រលើសម្តេចតេជោហ៊ុនសែនរហូតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់ ពិសេសបានបោះឆ្នោតគាំទ្រឃុំ សង្កាត់ទទួលបានជោគជ័យរហូតដល់ជាង ៧០ ភាគរយ។ សូមរក្សាការគាំទ្រនេះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ទាក់ទងនឹងបញ្ហាសុខភាពលោកឧបនាយករដ្ឋមន្រ្តីបានរំលេចឱ្យឃើញថាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ រយៈពេលពីរ ឆ្នាំកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងដើម្បីរកវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រហូតទទួលបានជោគជ័យ។ការចាក់វ៉ាក់សាំងគឺកម្ពុជាទទួលបានជោគជ័យសុវត្ថិភាពល្អ,កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសឈានមុខក្នុងការប្រើប្រាស់ចាក់ស្រោចវ៉ាក់សាំងនៅតាមសហគមន៍។

សូមបញ្ជាក់ថា ខេត្តកំពង់ចាមបានបិទបញ្ចប់យុទ្ធនាការ ការនាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករជាង មួយម៉ឺន គ្រួសារដែលរងផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ទន្លេសាប និងទឹកភ្លៀង ក្នុងស្រុកចំនួន ប្រាំបួន ត្រឹមថ្ងៃទី ២៩ ខែតុលានេះហើយ៕សរន